ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ សម្រេចលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ៤ ក្រសួង-ស្ថាប័ន
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំ ដោយយកលទ្ធផលនៃកិច្ចពិភាក្សាទាំងអស់ មកពិភាក្សា និងសម្រេចលើការងារមួយចំនួន ឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង មុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសុខាភិបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈជាច្រើនរូប ដោយសម្រេចថា ការប្រឡងនីមួយៗ ចាប់ផ្តើមជូនដំណឹង ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តទៅ។
គួររម្លឹកថា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាល អាណត្តិទី៧ បានអនុវត្តការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ តាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ចំនួន ៩លើក រួចមកហើយ ដែលបានជ្រើសរើសមន្ត្រីបានចំនួន ២,៥២៨នាក់។ ចំនួនមន្ត្រីដែលបានរើសទាំងអស់នេះ សុទ្ធសឹងជាមន្ត្រីដែលបានការអនុញ្ញាត ឱ្យជ្រើសរើសនៅក្នុងក្របខណ្ឌផែនការឆ្នាំ២០២៣ ៕
ដោយ វណ្ណលុក