សភាជប៉ុនបោះឆ្នោតតែងតាំងលោក Ishiba ជានាយករដ្ឋមន្រ្តីថ្មីផ្លូវការ
តូក្យូ៖ លោក Shigeru Ishiba ដែលជាប្រធានថ្មី នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ត្រូវបានរដ្ឋសភាជប៉ុនបោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ។
ការបោះឆ្នោតរបស់សភានេះ កើតឡើងក្រោយលោក Ishiba មានវ័យ ៦៧ឆ្នាំ បានជាប់ជាមេដឹកនាំថ្មីរបស់បក្ស LDP កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រកាសពីបំណងលាលែងពីតំណែង កាលពីខែសីហា ដោយសារតែការធ្លាក់ចុះប្រជាប្រិយភាព។
នៅថ្ងៃអង្គារដដែល អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ និងក្រុមគណៈរដ្ឋមន្រ្តីរបស់គាត់ នឹងត្រូវស្បថចូលកាន់តំណែង នៅចំពោះមុខព្រះចៅអធិរាជជប៉ុន Naruhito។ ទន្ទឹមគ្នា លោក Ishiba ក៏បានប្រកាសកំណត់យកថ្ងៃទី២៧ ខែតុលាខាងមុខនេះ រៀបចំការបោះឆ្នោតសកលមុនអាណត្តិផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនថ្មីរូបនេះ នឹងត្រូវបង្រួបបង្រួមការបែកបាក់នៅក្នុងបក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀត ដោយសារវិបត្តិសេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ ព្រោះការធ្លាក់នៃលុយយ៉េន និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយចិន។
សូមរម្លឹកថា រយៈពេល៧ទសវត្សរ៍ចុងមកនេះ គណបក្សប្រជាធិបតេយ្យសេរី (LDP) បានកាន់អំណាចជាប់រហូតនៅប្រទេសជប៉ុន គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា