បុណ្យភ្ជុំបិណ្ឌនៅឃុំដូនស
ស្វាយរៀង៖ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមានវត្តចំនួន៣ គឺ វត្តល្ងើន វត្តសូរ ទី៣និងវត្តសាមគ្គីបឹងកែក។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះតាំងពីវេនបិណ្ឌ១រហូតដល់វេនបិណ្ឌទី១៤មានប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមកចូលរួមកាន់បិណ្ឌដោយសប្បាយរីករាយ ។នេះដោយជីវភាពប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទកាន់តែត្រូវបានកែលំអជា ផ្លូវបេតុង ផ្លូវក្រាលថ្មភ្នំជាដើម ងាយស្រួលក្នុងការធ្វើដំណើរ។
លោកស្រី ជា ស៊ីម មេឃុំដូនស ស្រុកស្វាយជ្រំ បាននិយាយថា ដើម្បីជួយរៀបចំសណ្ដាប់ធ្នាប់នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក្នុងនាមគណៈបញ្ជាការឯកភាពឃុំ បានរៀបចំកម្លាំងទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ដើម្បីសម្រួលការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលបានអញ្ជើញមកចូលរួមកាន់បិណ្ឌតាមវត្តនានា។
លោកស្រីបន្តថា ដោយសារមានផ្លូវគមនាគមន៍ល្អ ធ្វើឱ្យប្រជាពលរដ្ឋអាចមកធ្វើបុណ្យ ធ្វើទានបានដោយសប្បាយរីករាយ ។ក្នុងឆ្នាំ ២០២៤នេះឃុំបានស្ថាបនាផ្លូវលំបានមួយខ្សែប្រវែងជាងមួយគីឡូម៉ែត្រដោយក្រាលខ្សាច់ភ្នំ នៅភូមិព្រៃរកា និងធ្វើផ្លូវបេតុងគម្រោងបន្តបានប្រវែង៤២២ម៉ែត្រ។
ទន្ទឹមនឹងថវិកាមូលនិធិឃុំ សង្កាត់ ក៏មានសប្បុរសជននិងក្រុមការងារជួយផងដែរ ដូចជា ផ្លូវពីវត្តល្ងើនទៅភូមិបឹងកែកដែល មានសភាពសំបុក មាន់ត្រូវបានជួសជុលដោយគ្រឿងចក្រកៀរក្រាលថ្ម ។ ខ្សែទី២ ពីផ្លូវបេតុងភូមិរំពាត់ជ្រូក ទៅវត្តសូក៏ត្រូវ បានជួសជុល និងផ្លូវមួយខ្សែទៀតពីភូមិដូងព្រះ ទៅផ្លូវអន្តរឃុំអង្គតាសូប្រវែងមួយគីឡូម៉ែត្រ។
លោកស្រីរំលឹកថាឆ្នាំនេះមិនដូចឆ្នាំមុនៗទេ។ឆ្នាំមុនៗឱ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ជោកជាំធ្វើឱ្យមានការលំបាកខ្លះក្នុងការធ្វើដំណើរ។ក្នុងនាមលោកស្រីនិងក្រុមប្រឹក្សាឃុំ ពិតជាសប្បាយរីករាយណាស់ដែលមានសប្បុរសជនជិតឆ្ងាយ ក៏ដូចជាក្រុមការងារចុះជួយឃុំ និងព្រះសង្ឃ បានស្រុះស្រួលមូលមតិគ្នាជួយជាថវិកាជួលគ្រឿងចក្រមកជួសជុលផ្លូវនានា នៅឃុំដូនស៕
ដោយ៖នុត នាង