ពលរដ្ឋខេត្តបាត់ដំបងដែលធ្វើដំណើរដោយជិះរថយន្តក្រុងមិនបង់ប្រាក់ថ្លែងអំណរគុណរាជរដ្ឋាភិបាល

បាត់ដំបង៖ ក៏ដូចជាឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៤ នេះ ប្រជាពលរដ្ឋ កម្មករ និយោជិតអាចធ្វើដំណើរ តាម រថយន្តក្រុងទៅ-មក តាមផ្លូវជាតិលេខ៥ ពីភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញដោយមិនបង់ប្រាក់។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន៦៥៣គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរ ទៅ ស្រុកកំណើតនៅរាជធានីខេត្តទាំង២៥។សកម្មភាពដឹក ជញ្ជូនមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។

ប្រជាពលរដ្ឋខេត្តបាត់ដំបងដែលបានទទួលសេវាដឹកជញ្ជូនដ៏ល្អប្រកបដោយផាសុកភាពនិងសុវត្ថិភាពរបស់រាជរដ្ឋាភិ បង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងក្រៃលែងនិងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្ដល់នូវ រថយន្តក្រុងឱ្យពួកគាត់ជិះទៅ-មកដោយមិនបង់ ប្រាក់ក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ប្រជាពលរដ្ឋ បានពេញចិត្តជាខ្លាំងចំពោះការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបន្តវេន។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តបាត់ដំបងបានឱ្យដឹងថានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះសម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវរថយន្តក្រុងជាង៦០០គ្រឿង សម្រាប់បម្រើសេវាក្នុងការដឹកជញ្ជូនសាធារណៈដោយ ជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋកម្មករ និយោជិត និងកាត់បន្ថយ​ចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើត។

លោក ព្រួញ រិទ្ធថាបញ្ជាក់បន្ថែមថាដោយឡែកខេត្តបាត់​ដំបងរាជរដ្ឋាភិបាលបានផ្តល់រថយន្តចំនួន៨០គ្រឿងសម្រាប់ដឹកជញ្ជូន បងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅ-មកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ។
លោកប្រធានមន្ទីរបន្តថានេះជាការគិតគូរដ៏ខ្ពង់ខ្ពស់ដែលមានចាប់ពីសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេច​ធិបតី ហ៊ុនម៉ាណែត ដ៏ឈ្លាសវៃនិងប៉ិន​ប្រសប់៕

 អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
ads banner