អតីតយុទ្ធជនចំនួន៦៥ គ្រួសារនៅខេត្តកំពង់ធំ នឹងងទទួលបាន​ផ្ទះថ្មី និងដីសម្បទានសង្គមកិច្ច្

កំពង់ធំ៖ អតីតយុទ្ធជនចំនួន៦៥ គ្រួសារថ្មីទៀត ដែលពុំមានដី គ្មានផ្ទះ ពិតប្រាកដ និងរស់នៅលើដីសាធារណៈ មានភ័ព្វ​វាសនា​ទទួលបានផ្ទះថ្មី និងដីសម្បទានសង្គមកិច្ចអំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់កសាងជីវភាពរស់នៅ លើទឹកដីឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលដ៏ខ្លីខាងមុខនេះ។

នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំពិភាក្សាបែងចែកភារកិច្ច ក្នុងការចាត់ចែងរៀបចំដីធ្លី និងសាងសង់ផ្ទះសម្បែង​ជូនអតីតយុទ្ឋជន នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ ។

លោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក បានឱ្យដឹងថា កន្លងមកអាជ្ញាធរដែនដីឃុំស្រុក រួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីដែលជាក្រុមការងារបានជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់ជូនដល់ប្រជាជនចំនួន៧២គ្រួសារ និងការរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ចំនួន៦៥គ្រួសារទៀត ឱ្យបានទៅរស់នៅដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយទទួលបាននូវការឈ្នះឈ្នះទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងក្រុមការងារទាំងអស់ ព្រមទាំងបានប្រគល់ភារកិច្ចជូនដល់ក្រុមការងារ និងជំនាញស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធផ្លូវ និងប្លង់ សម្រាប់សង់ផ្ទះឱ្យមានជាជួររៀបរយឲ្យបានល្អ ក្រោយការសាងសង់រួចឱ្យមានសោភណភាព ធានាបាននូវ ផាសុកភាព និងគុណភាព

ឧត្តមសេនីយ៍ទោ ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ដីសម្បទានសង្គមកិច្ច និងផ្ទះចំនួន១៤១ខ្នង រួចមកហើយ និងសូមគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសម្រេចផ្ដល់ផ្ទះចំនួន៦៥ខ្នងជាថ្មីទៀត ជូនដល់បងប្អូនអតីតយុទ្ធជន ដែលត្រូវមករស់នៅថ្មីនៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក នៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner