ថ្ងៃភ្ជុំធំនៅខេត្តបាត់ដំបងក្រោមម្លប់សន្តិភាព ពលរដ្ឋកុះករនៅគ្រប់វត្តអារាម
បាត់ដំបង៖ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃពុធទី២ ខែតុលា ឆ្នាំ២០២៤ជាថ្ងៃបង្ហើយរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌឬថ្ងៃភ្ជុំធំ។នៅខេត្តបាត់ដំបងនៅតាមវត្តអារាមជិតឆ្ងាយនានា ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនមូលមីរកុះករប្រកបដោយទឹកមុខស្រស់ស្រាយសប្បាយរីករាយ ក្នុងដៃកាន់ ធូបទៀនផ្កា ស្លាដក ចង្ហាន់ សម្រាប់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជននិងញាតិសន្ដានជិតឆ្ងាយដែលធ្វើមរណកាលទៅកាន់បរលោក។
បន្ទាប់ពីបញ្ចប់ការកាន់បិណ្ឌរយៈពេល១៤ថ្ងៃ ចាប់ពី១រោចខែភទ្របទ(បិណ្ឌវេន១)រហូតដល់១៤រោចខែភទ្របទ(បិណ្ឌវេន១៤)ហើយថ្ងៃទី២ ខែតុលាជាថ្ងៃភ្ជុំធំ ឬភ្ជុំបិណ្ឌ។នៅខេត្តបាត់ដំបងចាប់តាំងពីព្រឹកព្រលឹម ប្រជាពុទ្ធបរិស័ទច្រើនកុះករ បានមកជួបជុំគ្នានៅគ្រប់វត្តអារាម ដោយបាននាំយកនូវចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ ដោយទឹកមុខញញឹមជួបជុំគ្នាដើម្បីធ្វើបុណ្យទានដោយសទ្ធាជ្រះថ្លា ។
បងប្អូនប្រជាពុទ្ធបរិស័ទបានលើកឡើងថាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពសប្បាយរីករាយបែបនេះ គឺដោយសារតែប្រ
ទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងសុខសន្តិភាពពេញលេញ។
“បុណ្យភ្ជុំបិណ្ឌ” ជាពិធីបុណ្យប្រពៃណីសាសនារបស់កម្ពុជាធំជាងគេនៅក្នុងចំណោមនៃពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែភទ្របទ រហូតដល់ ថ្ងៃ១៥រោច ខែភទ្របទជាពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ។អំលុងពេលនេះ ជាឱកាសជួបជុំគ្នានៅទីស្រុកកំណើត ដើម្បីសំណេះសំណាលនិងកូនៗជូននូវបច្ច័យបួនដល់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ ឬអ្នកក្រខ្សត់។ជាពេលនៃការធ្វើទាន និងការទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ និងកសាងផលបុណ្យសម្រាប់ខ្លួនផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.