អ្នកគ្រូម្នាក់ឱបសិស្សដល់ដង្ហើមចុងក្រោយ ករណីឆេះឡានក្រុងថៃ
បាងកក៖ ក្នុងចំណោមគ្រូបីនាក់ដែលបានស្លាប់ ក្នុងហេតុការណ៍ឆេះឡានក្រុង នៅប្រទេសថៃ អ្នកគ្រូម្នាក់ឈ្មោះ Kanokwan Sriphong អាយុ ២៤ ឆ្នាំ ត្រូវបានគេរាយការណ៍ថា ឱបសិស្សរបស់នាង រហូតដល់ដង្ហើមចុងក្រោយ ក្នុងពេលភ្លើងឆេះសន្ធោរសន្ធៅ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ The Global Filipino Magazine។
គួររម្លឹកថា គ្រោះអគ្គិភ័យឆេះរថយន្តដឹកសិស្សនិងគ្រូ នៅបាងកក កាលពីថ្ងៃទី១ ខែតុលា បានឆក់យកជីវិតកុមារ២០នាក់ និងគ្រូបង្រៀន ៣នាក់។ អ្នកបើកឡានក្រុងត្រូវបានចាប់ខ្លួន ប៉ុន្តែ មូលហេតុពិតប្រាកដនៅមិនទាន់ដឹងជាផ្លូវការ។ គេសង្ស័យថា ឧស្ម័នធម្មជាតិដែលឡានក្រុងបំពាក់អាចបង្កការឆេះខ្លាំង ខណៈដែលមានសេចក្តីរាយការណ៍អំពីការផ្ទុះកង់មុខ មុនពេលជួបហេតុការណ៍អាក្រក់។
កាសែត The Global Filipino Magazine កាលពីថ្ងៃពុធ បានចេញព័ត៌មានអំពីទង្វើវីរភាពរបស់អ្នកគ្រូ Kanokwan ហើយត្រូវបានចែករំលែក ជាលើកដំបូង ដោយសកម្មជនថៃ ឈ្មោះ Gun Jom Phalang ។ លោកបានបង្ហាញថា សាកសពរបស់អ្នកគ្រូ Kanokwan ត្រូវបានគេរកឃើញកំពុងឱបកូនសិស្សរបស់គាត់ ដែលជាការបង្ហាញ ពីការលះបង់ដ៏ខ្ពស់ ក្នុងនាមជាគ្រូបង្រៀន។
អ្នកគ្រូ Kanokwan ទើបតែចាប់ផ្តើមដំណើរការបង្រៀន ដោយធ្វើជាគ្រូជំនួយសម្រាប់សិស្សថ្នាក់ទី១ ក្នុងខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្មានថ្ងៃ មុនជួបឧបទ្ទវហេតុ នាងបានទទួលសញ្ញាប័ត្រកិត្តិយសថ្នាក់ទី២ នៅថ្ងៃទី២៦ ខែកញ្ញា។
គួរបញ្ជាក់ដែរថា គ្រូបង្រៀនពីរនាក់ផ្សេងទៀត ក៏បានបាត់បង់ជីវិត ក្នុងភ្លើងឆេះនេះដែរ។ ក្នុងនោះ អ្នកគ្រូ Pimthong Sombat ទើបទទួលបានមេដាយប្រាក់ សម្រាប់ការងារឆ្នើម ក្នុងវិស័យអប់រំ និង អ្នកគ្រូ Saranya Homkaesorn ជាគ្រូបង្រៀនសិក្ខាកាមដែលទើបតែបញ្ចប់ការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យមួយសប្តាហ៍ប៉ុណ្ណោះ នេះបើតាមប្រភពដដែល៕
ប្រភពពី The Global Filipino Magazine