ថ្ងៃភ្ជុំបិណ្ឌនៅវត្តចំណាស់រាប់រយឆ្នាំចំនួនពីរក្នុងក្រុងសៀមរាប

សៀមរាប៖ នៅថ្ងៃ១៥ រោចខែភទ្របទ ពុទ្ធសករាជ២៥៦៨ ត្រូវនឹង​ថ្ងៃពុធទី២ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃភ្ជុំធំ ឬថ្ងៃភ្ជុំបិណ្ឌ បន្ទាប់
ពីបានប្រារព្ធពិធីកាន់បិណ្ឌអស់រយៈ១៤ ថ្ងៃរួចមក ។នៅថ្ងៃភ្ជុំបិណ្ឌនេះ​គ្រប់មានមនុស្សកុះករច្រើនជាងរយៈពេល១៤ថ្ងៃកន្លងមក
ពីព្រោះជាថ្ងៃបញ្ចប់នូវរដូវបុណ្យភ្ជុំបិណ្ឌប្រចាំឆ្នាំ។ នៅក្នុងក្រុងសៀមរាប មានវត្តចំណាស់រាប់រយឆ្នាំជាច្រើន ។ក្នុងនេះ​វត្តព្រះព្រហ្មរ័ត្ន ដែលមានចំណាស់ជាង៦០០ឆ្នាំ និងវត្តប្រាសាទ​គោកចក ជាទីដែលប្រជាពុទ្ធបរិស័ទក្នុងខេត្តសៀមរាប​និយម​ទៅពុំដែលខាន​។
នៅវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតនៅប្របនឹងដងស្ទឹងខេត្តសៀមរាប​នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ ស្លៀកពាក់ស្អាតបាតធ្វើដំណើរតាមយានយន្តគ្រប់ប្រភទ ណែនណាន់តាន់តាប់ក្នុងវត្ត ដើម្បីពិធីបុណ្យសាសនាទៅតាម​សទ្ធាជ្រះថ្លា និងធនធានរៀងៗខ្លួន។
សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប វត្តព្រះព្រហ្មរ័ត្ន អ្នកណាៗក៏ស្គាល់​វត្តនេះដែរ ដោយសារវត្តនេះមិនត្រឹមតែមានអាយុកាលជាង
៦០០ឆ្នាំ​ប៉ុណ្ណោះទេ តែក៏ជាវត្តដែលនៅថែរក្សាបានក្បូរក្បាច់ល្អឯក។ វត្តចំណាស់មួយនេះក៏ស្ថិតនៅក្នុងគោលដៅទេសចរ
វប្បធម៌​សម្រាប់​ភ្ញៀវទេសចរអន្តរជាតិផងដែរ។វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិត​នៅ​ក្បែរ​ស្ទឹង​សៀមរាប និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ចាស់ គឺ​ស្ថិតនៅ​ក្នុងចំណោម​វត្ត​ចំណាស់​ជាងគេ​នៅក្នុង​ក្រុង​នៃ​ប្រាសាទបុរាណ​ខ្មែរ។ វត្ត​ព្រះព្រហ្ម​រ័ត្ន​មានកំណើត​តាំងពី​ឆ្នាំ១៣៧១ ត្រូវ​នឹង​ឆ្នាំ​ពុទ្ធសក​រាជ១៩១៥ ។ ទី​អា​រ៉ា​ម​នេះ ក៏មាន​ប្រវត្តិ​ទាក់ទង​នឹង​ព្រះបាទ​អង្គចន្ទ​នៅ​ចុង​សតវត្សរ៍​ទី១៨ដែរ ។ គឺ​តា​ព្រហ្ម និង​យាយ​រ័ត្ន ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​នៅក្នុង​សម័យ​នោះបាន​ថ្វាយ​បរិវេណ​ដល់​ព្រះបាទ​អង្គ​ច័ន្ទ។ ប្រហែលជា​យ៉ាង​ដូច្នេះហើយ​បានជា​ទី​អា​រាម​នេះ មាន​ឈ្មោះថា វត្ត​ព្រះព្រហ្ម​រ័ត្ន។
ចំណែកនៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាបនា​ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ កកកុញ​​ប្រជាពលរដ្ឋ ប្រជា
ពុទ្ធបរិស័ទជិតឆ្ងាយដែរ ទាំងពេលព្រឹកនិងពេលរសៀល ពីព្រោះនៅវត្តបុរាណមួយនេះមានទំនៀមទម្លាប់ប្រពៃជាច្រើនដែលត្រូវ
ប្រារព្ធក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
វត្តប្រាសាទគោកចក មានប្រាសាទបុរាណមួយដែលមានឈ្មោះថា​ប្រាសាទគោកចក។ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរ​ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជា​ទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាសាទមានគូទឹកមួយទំហំ ១០០គុណនឹង១០០ ម៉ែត្រ ហើយមានផ្លូវចូលខាងកើត។ ស្រះមួយទំហំ ៧០គុណនឹង៤០ម៉ែត្រ ស្ថិតនៅខាងកើតចម្ងាយ១៧០ម៉ែត្រ។ ប្រាង្គទាំងពីរមានចារសិលាចារឹករំលឹកអំពីឆ្នាំដែលព្រះរាជាឈ្មោះ ជ័យវរ្ម័ន (វិស្ណុលោក) ដែលជាបុត្រារបស់ព្រះបាទ បរមេស្វរៈ (ជ័យវរ្ម័នទី២) បានមកទាក់ដំរីនៅតំបន់នោះ ហើយដំរីនោះបាន​រត់បាត់​ទៅវិញ។ លុះវេលាយប់ព្រះអង្គបានយល់សុបិន្តឃើញព្រាហ្មណ៍មួយប្រាប់ឱ្យព្រះអង្គកសាងបដិមានិងមានការគោរពដល់គាត់ៗនឹងប្រគល់ដំរីឱ្យវិញ។ ព្រឹកឡើងដំរីនោះក៏ត្រលប់មកវិញមែន ទើបព្រះអង្គបានបង្គាប់ឱ្យគេ​ឆ្ការព្រៃ​និងសាងប្រាសាទនេះឡើងដោយ​មានថ្វាយ​ទាសាទាសីនៅ​បំរើប្រាសាទនោះផងដែរ៕
ដោយ៖ប៊ុន រដ្ឋា

ads banner