ជប៉ុនកត់ត្រាអាកាសធាតុក្តៅបំផុតក្នុងខែកញ្ញា
តូក្យូ : ទីភ្នាក់ងារឧតុនិយមបាននិយាយកាល ពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសជប៉ុនបានកត់ត្រាអាកាសធាតុក្តៅបំផុតជាលើកទីពីរក្នុងខែកញ្ញា នៅក្នុងតំបន់មួយចំនួន។
ទីភ្នាក់ងារឧតុនិយមបាននិយាយថា ប្រទេសជប៉ុនបានកត់ត្រាអាកាសធាតុក្តៅបំផុតជាលើកទីពីរក្នុងខែកញ្ញាឆ្នាំនេះ ហើយវាត្រូវបានគេចាត់ទុកថា ទំនងជាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា នៅទូទាំងប្រជុំកោះមួយចំនួន សីតុណ្ហភាពជាមធ្យមប្រចាំខែគឺ ២.៥២អង្សាសេ ខ្ពស់ជាងធម្មតា។
បើតាមសេចក្តីថ្លែងការណ៍ នេះគឺជាតួលេខខ្ពស់បំផុតលើកទីពីរ ចាប់តាំងពីការចាប់ផ្តើមស្ថិតិក្នុងឆ្នាំ ១៨៩៨ បន្ទាប់ពីលើកដំបូងកើតឡើងកាលពីឆ្នាំមុន។
ទីភ្នាក់ងារនេះបន្ថែមថា សីតុណ្ហភាពនៃផ្ទៃមហាសមុទ្រនៅជិតប្រទេសជប៉ុន ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលវាអាចរួមចំណែកដល់ការកើនឡើងសីតុណ្ហភាពខ្ពស់នៅលើដីគោក ដោយលើកឡើងពីឥទ្ធិពលរយៈពេលវែងនៃការឡើងកំដៅផែនដី។
សីតុណ្ហភាពសកលជាមធ្យមនៅលើផ្ទៃផែនដី គឺ 16.82C ១៦.៨២អង្សាសេនៅក្នុងខែសីហា នេះបើយោងតាមអ្នកត្រួតពិនិត្យឧតុនិយមរបស់សហភាពអឺរ៉ុប Copernicus។
សីតុណ្ហភាពសកលខែមិថុនា និងខែសីហា បានហក់ដល់កម្រិត ១.៥អង្សាសេ លើសពីមធ្យមភាគមុនឧស្សាហកម្ម ដែលជាកម្រិតសំខាន់សម្រាប់កំណត់ផលប៉ះពាល់ដ៏អាក្រក់បំផុតនៃការប្រែប្រួលអាកាសធាតុ។
ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបង្កឡើងដោយមនុស្សក៏កំពុងធ្វើឱ្យភពផែនដីឡើងកំដៅផងដែរ ដោយបង្កើនលទ្ធភាព និងអាំងតង់ស៊ីតេនៃគ្រោះមហន្តរាយអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងទឹកជំនន់៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា