នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក ក្នុងការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សូមចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។
សូមរំលឹកថា ក្នុងឱកាសសំណេះសំណាល ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជា ព្រឹត្តិការណ៍ Gumball 3000 ដោយជោគជ័យ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែប របស់កម្ពុជា ទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់ រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្ត ដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិត ដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន ។
ជាមួយនេះ លោកអ្នកឧកញ៉ា លាង ឃុន បានជម្រាបជូនថា កម្ពុជា ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះ ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។
ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។
ព្រឹត្តិការណ៍ Gumball 3000 នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល ។
ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 មានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ដោយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally ក្នុងព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលរៀបចំសម្របសម្រួល ដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ។
ចំណែកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បន្តដំណើរពីភ្នំពេញឆ្ពោះទៅសៀមរាប។ នៅថ្ងៃទី១៧ ខែកញ្ញា នឹងមានការប្រារព្ធព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះ ធ្វើដំណើរឆ្លងកាត់ចំនួន ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ៕
ដោយ៖ វណ្ណលុក