ព្យុះហេឡេនអាមេរិកសម្លាប់មនុស្ស២១០នាក់
បរទេស៖ ខ្យល់ព្យុះសង្ឃរា ហេឡេន ដែលបានបោកបក់ នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ជាង២១០នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។
មន្ត្រីបាននិយាយថា មនុស្ស២១២នាក់ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីព្យុះហឺរីខិន ហេឡេន បានបំផ្លិចបំផ្លាញរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ហើយវាបានក្លាយជាព្យុះដែលមានមនុស្សស្លាប់ច្រើនបំផុត លំដាប់ទីពីរ ដែលបានវាយប្រហារដីគោកសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងកន្លះសតវត្ស។ រដ្ឋទាំងនោះ រួមមាន North Carolina, South Carolina, Georgia, Florida, Tennessee និង Virginia ។
ព្យុះសង្ឃរា ប្រភេទទី៤ដ៏មានឥទ្ធិពល បានបោកបក់ជាមួយនឹងល្បឿនខ្យល់ ២២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយបានផ្តើមវាយប្រហារ តាំងពីសប្តាហ៍មុន។ លោកប្រធានាធិបតីអាមេរិក Jo Biden បានធ្វើដំណើរតាមអាកាស ពិនិត្យមើលការបំផ្លិចបំផ្លាញ ហើយបានដើរពិនិត្យតំបន់ដែលរងការខូចខាតយ៉ាងខ្លាំង នៅតំបន់ឆ្នេរ Keaton ។ លោក Biden បានសន្យាគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់រដ្ឋាភិបាលសហព័ន្ធ ក្នុងការជួយសហគមន៍ ឡើងវិញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត