ប្រជាពលរដ្ឋអ្នកធ្វើដំណើរពីខេត្តក្រចេះ វិលចូលរាជធានីភ្នំពេញវិញ សម្តែងការអរគុណ រាជរដ្ឋាភិបាល ដែលបានជួយសម្រួលរាល់ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥគិតថ្លៃ !
(ខេត្តក្រចេះ)៖ ពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ១៥ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ និងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលបានធ្វើដំណើរមកកាន់ ស្រុកកំណើត ដើម្បីជួបជុំគ្រួសារនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលទើបកន្លងផុតពីរថ្ងៃមកនេះ ក៏បានរូតរះម្នីម្នាវិលចូលរាជធានីភ្នំពេញវិញ ដើម្បីបំពេញកិច្ចការងាររៀងៗខ្លួន។
ស្របពេលជាមួយនឹងការគិតគូខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល ដែលបានរៀបចំរថយន្តក្រុង ចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំងពេលមក និងពេលវិលត្រឡប់មកវិញនោះ បានសម្តែងការអរគុណ ជាពន្លឹក ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ដល់មធ្យោបាយធ្វើដំណើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយឥតគិតថ្លៃ និងក៏មានការចែកទឹកសុទ្ធម្នាក់ ១ដប ដោយឥតគិតថ្លៃពី អាជ្ញាធរខេត្តក្រចេះ ផងដែរ។
អ្នកគ្រប់គ្រងរថយន្តក្រុងដឹកអ្នកដំណើរមកពីរាជធានីភ្នំពេញ លោក សួន រដ្ឋា បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី៤តុលានេះថា ខេត្តក្រចេះឆ្នាំនេះ អ្នកធ្វើដំណើរតាមរថយន្តក្រុងដែលរាជរដ្ឋភិបាល បានរៀបចំ មានការកើនឡើង ចំណែក រថយន្តដឹកអ្នកដំណើរក៏មានការកើនឡើងដូចគ្នា រហូតដល់ ២៣គ្រឿង បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ១៥គ្រឿងប៉ុណ្ណោះ។
លោក សួន រដ្ឋា បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៣តុលា ម្សិលមិញ រថយន្តក្រុងចំនួន ១៣គ្រឿង ក៏បានដឹកជញ្ជូនប្រជាពលរដ្ឋត្រឡប់ទៅ រាជធានីភ្នំពេញវិញផងដែរ ដើម្បីបន្តបម្រើការងារ។ ដោយឡែក នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៤តុលានេះ មានរយន្តក្រុង ១០គ្រឿង បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ចេញទីរួមខេត្តក្រចេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញវិញ៕
ដោយ ៖ឡុង សំបូរ