បាត់ដំបង៖បុណ្យភ្ជុំបិណ្ឌរយៈពេលពីរថ្ងៃ គោលដៅទេសចរណ៍​ទទួលភ្ញៀវជាង១៣ម៉ឺននាក់

បាត់ដំបង៖ រយៈពេល២ថ្ងៃនៅក្នុងឱកាសនៃពិធីបុណ្យ​ភ្ជុំបិណ្ឌប្រពៃណី​ជាតិ ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរនិង​​ប្រជាពលរដ្ឋ​ដែលបាន​កម្សាន្តនៅខេត្តបាត់ដំបងសរុបជាង១៣ម៉ឺននាក់ ក្នុងនោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង៤០០នាក់។ នេះបើតាមបញ្ជាក់​របស់ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង តាមសារជា​សំឡេងបានឱ្យដឹងថា​រយៈពេល២ថ្ងៃនៅក្នុង​ឱកាសពិធី​បុណ្យភ្ជុំ​បិណ្ឌចាប់ពីថ្ងៃទី១-២ ខែតុលាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានមកកម្សាន្តនៅតាមតំបន់​រមណីយ​ដ្ឋាន​​សំខាន់ៗ និង តាមគោលដៅទេសចរណ៍មួយចំនួនក្នុងខេត្តចំនួន១៣១ ០៣២នាក់ ក្នុងនោះ ទេសចរបរទេសចំនួន៤៦២នាក់។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដដែលបន្ថែមដឹងថា​តួលេខភ្ញៀវក្នុងរយៈពេល២​ថ្ងៃនាឱកាស​បុណ្យភ្ជុំបិណ្ឌឆ្នាំ​២០២៤​នេះ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ។លោក ហម អរុណ បានបង្ហាញ​ពីការកត់សម្គាល់ក្នុងឆ្នាំ២០២៤នេះ ស្ថានភាព​គោលដៅទេសចរណ៍​មានការរៀបចំសណ្ដាប់ធ្នាប់បានល្អ ហើយនៅតាមរមណីយដ្ឋាន​ទាំងនោះទៀតសោត ក៏មានការគិតគូរលើ​សេវាកម្ម ការរក្សានូវតម្លៃ​ម្ហូបអាហារសមរម្យ និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវបានល្អ ។ពុំបាតុភាពបង្កភាពថ្នាំង​ថ្នាក់ ដល់ភ្ញៀវ​ឡើយ។

សូមជម្រាបថា ខេត្តបាត់ដំបងមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ចំនួន ១១៥កន្លែង ក្នុងនោះមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង, សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន៤
កន្លែង,តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង,សារមន្ទីរចំនួន២កន្លែង,ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និង តំបន់​គោលដៅ​កសិ-ទេសចរណ៍ ចំនួន៤កន្លែង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner