រឿងក្តីតារារ៉េបអាមេរិក Diddy រំលោភបំពានផ្លូវភេទ តែងតាំងចៅក្រមថ្មី
បរទេស៖ ករណីរំលោភបំពានផ្លូវភេទ ប្រឆាំងនឹងតារារ៉េបល្បីឈ្មោះ សញ្ជាតអាមេរិក លោក Sean “Diddy” Combs ឬ គេស្គាល់ថា «Diddy» ឬ P Diddy មានការតែងតាំងចៅក្រមថ្មី កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីជូនដំណឹងមួយ នៅក្នុងឯកសាររបស់តុលាការ បានបង្ហាញថា សំណុំរឿងនេះត្រូវបានប្រគល់ជូនចៅក្រម Arun Subramanian ដែលធ្លាប់ត្រូវបានតែងតាំងជាលើកដំបូង ដោយប្រធានាធិបតី Joe Biden ក្នុងឆ្នាំ២០២២ និងធ្លាប់បានចូលជាធ្វើចៅក្រមបម្រុង នៅឆ្នាំ២០២៣។
លោក Subramanian បានចំណាយពេលភាគច្រើននៃអាជីពរបស់លោក ជាអ្នកដោះស្រាយវិវាទរដ្ឋប្បវេណី នៃជម្លោះស្មុគស្មាញ នៅក្រុមហ៊ុនច្បាប់ Susman Godfrey។ ប៉ុន្តែ មិនមានការពន្យល់ពីហេតុផល សម្រាប់ការផ្លាស់ប្តូរនេះទេ។
ករណីរបស់ Diddy ត្រូវបានចាត់តាំងដោយចៃដន្យ ជាលើកដំបូង ទៅឲ្យចៅក្រម Andrew Carter ដែលត្រូវបានតែងតាំងជំនាន់អតីតប្រធានាធិបតី Barack Obama ក្នុងឆ្នាំ ២០១១ មុនពេលផ្លាស់ប្តូរចេញ។ អ្វីដែលគួរឲ្យកត់សម្គាល់ លោក Carter បានបដិសេធ សំណងបង់ក្រៅឃុំ របស់ Diddy ហើយបានបង្គាប់ឱ្យឃុំខ្លួនគាត់ ក្នុងពន្ធនាគារ ខណៈកំពុងរង់ចាំការកាត់ទោស។ នៅចុងបញ្ចប់នៃសវនាការដ៏វែងមួយ ចៅក្រមរូបនេះបាននិយាយថា មិនអាចរកលក្ខខណ្ឌណាមួយ ដែលត្រូវដោះលែងក្រៅឃុំ ក្រោមការចោទប្រកាន់ពីបទរំលោភបំពាន និងអំពើហិង្សាលើរាងកាយនោះទេ ប៉ុន្តែ Diddy បានប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះ។
Diddy បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅទីក្រុងញូវយ៉ក រង់ចាំការកាត់ក្តីឧក្រិដ្ឋកម្ម។
បើតាមមេធាវីនៅរដ្ឋតិចសាស់ បាននិយាយថា មនុស្សជាង១០០នាក់ ដាក់ពាក្យប្តឹងប្រឆាំងនឹងមហាសេដ្ឋីសិល្បៈរូបនេះ ដែលរងការចោទថា បានប្រព្រឹត្តទង្វើរបស់ខ្លួន ជាង២០ឆ្នាំមកនេះ។ ការចោទប្រកាន់ រួមមាន ដូចជា ការរំលោភផ្លូវភេទដោយហឹង្សា, ការសម្របសម្រួលការរួមភេទ ជាមួយសារធាតុផ្សេងៗ, ការផ្សព្វផ្សាយវីដេអូ, ការរំលោភផ្លូវភេទលើអនីតិជន ឬ ជនមិនគ្រប់អាយុ ក្នុងនោះ រួមមានទាំងតារាល្បីៗជាច្រើនរូបផងដែរ។ លោក Diddy ត្រូវបានចាប់ខ្លួន កាលពីដើមខែកញ្ញា៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត