ពលរដ្ឋជិតមួយម៉ឺននាក់ ជិះរថយន្កក្រុងមិនបង់ប្រាក់ ភ្នំពេញ-បាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង នៅទៀបភ្លឺថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញសំណេះសំណាល និងជូនដំណើរកម្មករ និយោជិត និងប្រជាពលរដ្ឋ ដែល ធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ដោយជិះរថយន្តក្រុងមិនបង់ប្រាក់ចាកចេញពីទីតាំងចំណតផ្សារទំនើបភួពុយ ដើម្បីបន្តការងារ បន្ទាប់ពីបានឈប់សម្រាក និងធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។(
នៅក្នុងឱកាសជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងទៅកាន់រាជធានីភ្នំពេញវិញ ឯកឧត្តម សុខ លូ ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង បានគោរពថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្ដល់នូវរថយន្តក្រុងដល់ប្រជាពលរដ្ឋធ្វើដំណើរមកលេងស្រុកកំណើតដោយមិនបង់ប្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋប្រមាណជិតមួយម៉ឺននាក់បានធ្វើដំណើរតាមរថយន្តក្រុង ដោយមិនបង់ប្រាក់ទាំងទៅ-ទាំងមក ភ្នំពេញ-បាត់ដំបងនិងពីបាត់ដំបង-ភ្នំពេញ។
ក្នុងឱកាសនេះដែរលោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានរំលឹកអ្នកបើកបររថយន្តក្រុងទាំងអស់ត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។
ក្នុងបរិយាកាសរីករាយដោយការធ្វើដំណើរមិនបង់ប្រាក់នេះដែរ ប្រជាពលរដ្ឋដែលកំពុងត្រៀមធ្វើដំណើរត្រឡប់ទៅវិញ ក៏បានបង្ហាញនូវអារម្មណ៍រំភើបត្រេកអរក្រៃលែងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមក បានមកលេងស្រុកកំណើត និងជួបជុំក្រុមគ្រួសារញាតិមិត្តបងប្អូន ដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដ
ល់នូវរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញចំនួន ៦៥៣ គ្រឿងសម្រាប់ដឹកជញ្ជូនសាធារណៈដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ ថ្ងៃទី៤ ខែតុលា ។ដោយឡែកសម្រាប់ខេត្តបាត់ដំបងមានរថយន្តក្រុងចំនួន ៨០គ្រឿង សម្រាប់បម្រើដឹកជញ្ជូនទៅមក ភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ត្រឡប់មកភ្នំពេញវិញ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.