កម្ពុជាអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីជាប្រវត្តិសាស្ត្រលើកទី១របស់ខ្លួន លើគម្រោងចំនួន ២៣មានតម្លៃ៥,៧៩០លានដុល្លារ ជាថាមពលស្អាត ដើរដោយកម្លាំងខ្យល់
ភ្នំពេញ ៖ តាមរយៈបាឋកថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យ អគ្គិសនី ចំនួន ២៣គម្រោង មានតម្លៃប្រមាណ ៥,៧៩០លានដុល្លារអាមេរិកដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័ត កាលពីសប្ដាហ៍កន្លងទៅនេះ។
បាឋកថានេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» ដែលរៀបចំឡើងដោយក្លិបអ្នក កាសែតកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ។
វេទិកាពិភាក្សានេះ ធ្វើឡើងដោយមានការគាំទ្រពីក្រសួងរ៉ែ និងថាមពល និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងថាមពលស្អាត ឬថាមពលកើតឡើងវិញ ។ អញ្ជើញចូលរួមក្នុងវេទិកានេះផងដែររួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា,អ្នកសារព័ត៌មានចំនួន ៤៩នាក់ មកពី៣៥ស្ថាប័ន ព្រមទាំងសិស្សនិសិត្សជាង៤០០នាក់។
ក្នុងកិច្ចពិភាក្សា បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន បានលើកជាសំណួរពាក់ព័ន្ធនឹងភាពវិវឌ្ឍន៍ថ្មីៗនៃវិស័យអគ្គិសនីនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រី បកស្រាយ និងពន្យល់បន្ថែមទាក់ទងប្រធានបទដ៏មានសារៈសំខាន់នេះ។
នៅក្នុងវេទិកាឯកឧត្តម កែវ រតនៈបានថ្លែងអំពីភាពវិវឌ្ឍន៍ថ្មីៗនៃវិស័យថាមពលដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែង យល់អំពីគម្រោងថាមពលស្អាតឬថាមពលកកើតទ្បើងវិញនៅកម្ពុជាដែលរាជរដ្ឋាភិបាលទើបនឹងអនុម័តជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាដែលរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក។
ដោយឡែកគម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ គឺមានគម្រោងមួយជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេស កម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។គម្រោងទាំង២៣គម្រោងនេះ មានអានុភាពសរុបចំនួន៣៩៥០ មេហ្គាវ៉ាត់ ភាគច្រើនបំផុតគឺជាថាមពលស្អាតដែលមានរហូតដល់ ២១គម្រោង ក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងដែលត្រូវបានគណៈរដ្ឋមន្ដ្រីអនុម័តនេះគឺជាការយកមូលដ្ឋាន គ្រឹះក្នុងអាណត្តិចាស់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកពង្រឹង និងពង្រីកថាមពលស្អាតឱ្យកាន់តែធំតាមរយៈការ ពង្រីកថាមពលដើរដោយពន្លឺព្រះអាទិត្យ ហើយយកទៅពង្រីកទៅប្រភេទថ្មីមួយទៀត គឺថាមពលដើរដោយកម្លាំងខ្យល់ ដែលមានអានុភាពសរុបចំនួន៩០០មេហ្គាវ៉ាត់ មានចំនួន៦គម្រោងនៅក្នុងខេត្តមណ្ឌលគិរី។
គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។ ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣នេះ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៅ កម្ពុជា៕
ដោយ៖គង់ សុផុល