សត្វទុងប្រផេះ ជាច្រើនកំពុងរស់នៅនៅតំបនរ៉ាមសារបឹងទនេ្លឆ្មារ

(ភ្នំពេញ)៖តំបន់រ៉ាមសារបឹងទន្លេឆ្មារ ខេត្កកំពង់ធំនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ បច្ចុប្បន្នតំបន់រ៉ាមសារ មួយនេះបានក្លាយជាទីកន្លែងជម្រកសត្វទុងប្រផេះច្រើនកំពុងរកចំណី និង រស់នៅយ៉ាងសុខសាន្ត។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា៖”ដោយមានការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រុមឧទ្យានុរក្សបានធ្វើការល្បាតកត់ត្រាជីវចម្រុះជាប្រចាំ ក្នុងខែនេះឧទ្យានុរក្សយើងបានកត់ត្រាវត្តមានចំនួនសត្វទុកប្រផេះក្នុងចំនួនច្រើនគួឱ្យកត់សំគាល់”។

សត្វទុងប្រផេះគឺជាសត្វងាយរងគ្រោះ នៅកម្ពុជាវាមានវត្តមានតំបន់ដីសើមជុំវិញបឹងទន្លេសាប និងដីសណ្តរទន្លេមេគង្គក្រោម។

គួរបញ្ជាក់ថារដូវកាលបន្តពូជរបស់សត្វប្រភេទនេះមានចន្លោះពីខែសីហា ដល់ឧសភា។ អំឡុងបន្តពូជនេះដែរវាមានខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមមានរូបរាងជាថ្នក់ថង់ ហើយនៅលើចំពុះនិងថង់មានអុជៗខ្មៅពាសពេញ ចំណែកនៅរដូវមិនបន្តពូជ ពុំមានអុជៗខ្មៅនៅលើចំពុះនិងថង់នោះទេ។

ទង់ប្រផេះមានប្រវែងដងខ្លួន ១២៧-១៤០សង់ទីម៉ែត្រ។ សត្វប្រភេទនេះមាន មាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ទីជម្រករបស់ទង់ប្រផេះនៅតាម បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប និងមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់ប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។

ទុងប្រផេះ ជាប្រភេទសត្វដែលស្ថិតក្នុងចំណាត់ថ្នាក់ក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វជិតទទួល រងការគំរាមកំហែង(NT) នៅគ្រាដែលចំនួនសត្វប្រភេទនេះ កំពុងថយចុះនៅលើពិភលោក ដោយសារ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់។

ទុងប្រផេះ មានវត្តមាននៅតាមតំបន់ដីសើមនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់ បឹងទន្លេសាប និងតាមដងទន្លេមេគង្គ។

តាមការសិក្សាស្រាវជ្រាវកន្លងមកបានឱ្យដឹងថាកម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១៥០០គូ ស្មើ៣០ភាគរយនៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក។ខណៈសត្វប្រភេទនេះនៅលើពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ៨៧០០ ទៅ ១២០០០ ក្បាល។

ដោយឡែកតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner