រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី១៧និងទី១៨ ខាងមុខនេះ
(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល និងរៀបចំពិធីប្រណាំងទូករយៈពេល ២ថ្ងៃ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងបន្តថា ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងដើម្បី បង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ ព្រមទាំងដើម្បី ចូលរួមអបអរសាទរក្នុងពិធីបុណ្យចេញព្រះវស្សា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍១៥កើត-ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាលក៏នឹងរៀបចំឲ្យមានការប្រគំតន្ត្រី ការសម្តែង សិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ