សេរីភាពបញ្ចេញមតិ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃពន្យល់៤ចំណុច យោងលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ!
បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពី «សេរីភាពបញ្ចេញមតិ» ដែលកើតមានពីកំណើតធម្មជាតិរបស់មនុស្ស ទង្វើសកម្មភាពរបស់មនុស្ស ដែនកំណត់នៃសេរីភាពបញ្ចេញមតិដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ និងសិទ្ធិការពារខ្លួនរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដទៃចំពោះការបញ្ចេញមតិ។
បណ្ឌិត ទូច សុឃៈ (សុខៈ) បានពន្យល់តាមរយៈសារវីដេអូរយៈពេលជាង៣០នាទី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ថា ទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ បានកំណត់ច្បាស់អំពីសេរីភាពបញ្ចេញមតិ ក្នុងនោះ យោងតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
ដោយឡែកចំពោះទិដ្ឋភាពច្បាប់អន្តរជាតិ លោកបានយោងលើមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលជាលិខិតូបករណ៍អន្តរជាតិ។ មាត្រានេះបានចែងថា ជនគ្រប់រូបមានសិទ្ធិប្រកាន់យកមតិយោបល់ដោយគ្មានការជ្រៀតជ្រែក។ ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ការប្រើប្រាស់សិទ្ធិដែលចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
យោងតាមច្បាប់ខាងលើ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា មុនពេញបញ្ចេញមតិ សាធារណជនគួរឈ្វេងយល់ពីការបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ជេរប្រមាថតាមសារព័ត៌មាន បទក្លែងព័ត៌មានបំភ្លៃព័ត៌មាន បទញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ បទគំរាមកំហែងថានឹងសម្លាប់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បទញុះញង់ឱ្យមានការរើសអើង បទប្រមាថ បទដែលធ្វើឱ្យអស់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងមានបទល្មើសផ្សេងៗជាច្រើនទៀត។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាល់ការបញ្ចេញមតិ ទាំងការសម្តែងមតិ សរសេរ ឬកាយវិការ ឬក្នុងទម្រង់ណាមួយ ត្រូវតែគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុខភាព ឬសីលធម៌សាធារណៈ ដើម្បីជៀសផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ