លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងពុះពារប្រយុទ្ធ ដើម្បីសន្តិភាព និងសន្តិសុខពិភពលោកទាំងមូល
ហ្ស៊េរុយសាឡិម៖ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃសៅរ៍ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងបន្តប្រយុទ្ធរហូតទទួលបានជ័យជំនះ ដើម្បីជាផលប្រយោជន៍របស់អ៊ីស្រាអែល និងដើម្បីសន្តិភាព និងសន្តិសុខរបស់ពិភពលោកទាំងមូល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមានកាតព្វកិច្ច និងសិទ្ធិការពារខ្លួន រួមទាំងការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល។
លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងដូច្នេះថា អ៊ីស្រាអែលនឹងឈ្នះសង្គ្រាម ទោះបីមាន ឬគ្មានការគាំទ្រក៏ដោយ។ អ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតទទួលបានជ័យជំនះ ដើម្បីជាផលប្រយោជន៍របស់អ៊ីស្រាអែល និងដើម្បីសន្តិភាព និងសន្តិសុខរបស់ពិភពលោកទាំងមូល។
លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ពីរដងរួចមកហើយលើទឹកដីរបស់យើង និងទីក្រុងរបស់យើង នៅក្នុងការវាយប្រហារដោយមីស៊ីលផ្លោងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
គ្មានប្រទេសណាមួយលើពិភពលោក អាចធ្វើចិត្តអត់ឱនចំពោះការវាយប្រហារបែបនេះ លើទីក្រុង និងជនស៊ីវិលរបស់ពួកគេឡើយ ហើយអ៊ីស្រាអែលក៏មិនអាចធ្វើបានដែរ។ ហេតុដូច្នេះ អ៊ីស្រាអែលមានកាតព្វកិច្ច និងសិទ្ធិក្នុងការការពារខ្លួន រួមទាំងការសងសឹកវិញ ហើយនោះជាអ្វីដែលពួកយើងនឹងធ្វើ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា