គួរឱ្យសោកស្តាយ ដំរីព្រៃមួយក្បាលបានដេក ស្លាប់នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោលមួយក្បាល អាយុប្រហែល ៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។

ទាក់ទិនក្នុងរឿងនេះ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថាមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការWCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យដោយពីមន្រ្តីជំនាញពេទ្យសត្វ។

លោកថា ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។

តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានមកកាន់តំបន់នេះ ម្តងមកហើយកាលពីខែមេសា កន្លងទៅ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំដែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ហ្វូងដំរីព្រៃឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថាការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា បានជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ ក្រៅពីជំរុញសកម្មភាពការពារនិងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃសម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។

យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល កំពុងរស់នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគីរី។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ មានករណីស្លាប់ដំរីអាស៊ីចំនួន ៣ក្បាល ក្នុងខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថាកាលពីខែមករា កន្លងមក កូនដំរីមួយក្បាលបានស្លាប់ ដោយសារតែត្រូវគ្រាប់កំាំភ្លើង ក្នុងខែឧសភា ដំរីញីមួយក្បាលបានស្លាប់ផងដែរ ដោយសារតែរបួសជើងធ្ងន់ធ្ងរ និង ដាច់ចំណីយូរថ្ងៃ ក្រោយពីជាប់នៅក្នុងល្បាប់ភក់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ហើយករណីទី៣ចុងក្រោយនេះ គឺដំរីឈ្មោល១ក្បាល បានស្លាប់ក្នុងការជាប់ផុងក្នុងរណ្តៅដី គ្រាប់បែកក្នុងជំនាន់សង្រ្គាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner