ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ឬបាក់ឌុប នឹងចាប់ផ្តើម​នៅថ្ងៃអង្គារស្អែកនេះ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមអនុវត្តការបិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ តុលា ២០២៤នៅព្រឹក​ថ្ងៃចន្ទទី៧ ខែតុលានេះ ខណៈការប្រឡងនឹង​ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (៨-៩ តុលា)នៅថ្ងៃអង្គារទី៨ តុលា ស្អែកនេះ។ដំណើរការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា នឹងត្រូវប្រព្រឹត្តទៅ​ដោយគោរពតាម គោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។

នៅព្រឹកថ្ងៃទី៧ ខែតុលា នេះដែរ លើបណ្ដាញសង្គមផ្លូវការ ក្រសួងអប់រំ​យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំងអាន​បទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​​នេះ​។

ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេស​មិនត្រូវលាក់ទុកជាប់​នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ​បានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ខែតុលាមាន​កាលបរិច្ឆេទសំខាន់ៗដូចតទៅ៖

១.ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤
២.ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
៣. ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤កាលបរិច្ឆេទសំខាន់ៗ ដូចខាងក្រោម៖

  • ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

.បេក្ខជនប្រឡង៖ មានបេក្ខជនចុះ​ឈ្មោះប្រឡង​សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់​វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌល​សំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុង​ក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

.មណ្ឌលសំណេរ៖មានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិត​នៅ​រាជធានីភ្នំពេញ។

.វិញ្ញាសាប្រឡង៖វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ​សង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែក​ជូន​បេក្ខជន។

.គណៈមេប្រយោគ និងគណៈកម្មការ៖គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡង​នៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៨ ១០៦ នាក់។ ដំណើរការកំណែ មានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ២ ៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់។

.ដំណើរការបូកនិងស្រង់ពិន្ទុ៖ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានចំនួន ៧២២ នាក់ មកពីថ្នាក់ក្រសួង​ទាំងអស់។
.ក្រសួង ស្ថាប័នចូលរួម៖ ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner