សម្ដេចតេជោ ហ៊ុន សែន ៖ លោក លី សាម៉េត តែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់លុយគេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានបង្ហោះសារទាក់ទងដល់លោក លី សាម៉េត ដែលតែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់គេ ដោយសម្ដេច ប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គលនេះ និងស្នើតុលាការ ចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមដូច្នេះថា៖ ដោយរឿងច្រើនពេក ថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា) ។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែល លី សាម៉េត មិនដឹងថា ផ្ទះខ្ញុំ បែរមុខទៅខាងណាផង។
សម្ដេចតេជោ បន្តថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថា យកមកឲ្យខ្ញុំ តែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំ តាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពី លី សាម៉េតប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ ដោយពេលនោះ យក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
សម្ដេចបន្ថែមថា មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន ២៣មុឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំ អមដោយសារសម្លេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ) ។
សម្ដេចបានសរសេរបន្តទៀថា ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០មុឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
សម្ដេចតេជោ បញ្ជាក់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះ ជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថា តាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់ មានមធ្យោបាយធ្វើការ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកា ការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។
២.អ្នកចាញ់បោក លី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ ។
៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់ ៕
ដោយ ៖ វណ្ណលុក