ប្រធានគណកម្មការទី៧ នៃរដ្ឋសភា ចាត់ទុកកំណែទម្រង់ នៃការប្រឡងសញ្ញាបត្រ​បាក់ឌុប ធ្វើឱ្យសិស្ស លែងពឹងផ្អែកលើការអន្តរាគមន៍

(ភ្នំពេញ)៖ កំណែទម្រង់នៃការប្រឡងសញ្ញាបត្របាក់ឌុប បានធ្វើឱ្យសិស្ស មានការភ្ញាក់រលឹក លែងពឹងផ្អែកលើការអន្តរាគមន៍ ។ នេះជាការគូសបញ្ជាក់ របស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ទិដ្ឋភាពនៃការបើកវិញ្ញាសារប្រឡង​សញ្ញា​បត្រមធ្យសិក្សាទុតិយភុមិ ឬ បាក់ឌុប បានបង្ហាញពីក្តីមោទនភាព បន្ទាប់ពី​កម្ពុ​ជា បានជំរុញការលើកគុណភាពវិស័យអប់រំ កាន់តែល្អប្រសើរពី ១ឆ្នាំ ទៅ ១ឆ្នាំ ។

ឯកឧត្តមបន្តថា អ្វីដែលកត់សម្គាល់ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំ ពិតជាមានការរីកចម្រើន និងប្រែប្រួលទាំងបរមាណ និងគុណភាព នោះគឺអាស្រ័យដោយយើងបានកំណត់នូវចក្ខុវិស័យ ក្នុងការលើកកម្ពស់ចំណេះដឹង លើកកម្ពស់ការទទួលខុសត្រូវ ទៅលើវិស័យនេះ ជាពិសេស ធ្វើឱ្យយុវជនជាសិស្សានុសិស្ស មានការខិតខំប្រឹងប្រែង ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់វិស័យអប់រំនេះឱ្យបានល្អប្រសើរ ។

ប្រធានគណកម្មការទី៧ នៃរដ្ឋសភា បានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ ការប្រឡងបាក់ឌុបនេះ បានធ្វើឱ្យសិស្សកាន់តែមានការភ្ញាក់រលឹក លែងពឹងផ្អែកទៅលើការអន្តរាគមន៍ ដោយពឹងផ្អែកលើកខ្លួនឯង ស្របតាមពាក្យថា «ចេះ គឺជាប់» ។ ដូច្នេះ ការខិតខំប្រឹងប្រែងរៀនសូត្រនេះ បានធ្វើឱ្យគុណភាព នៃការអប់រំរបស់យើង ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ម៉ឺន៩ពាន់៣៥៨នាក់ (ស្រី ២ម៉ឺន៣ពាន់៧១៥នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩ម៉ឺន៧ពាន់៦៨២នាក់ (ស្រី ៥ម៉ឺន១ពាន់១៦៧នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០មណ្ឌល ត្រូវជា ៥ពាន់៥៣៣បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ពាន់៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧មណ្ឌល ត្រូវជា ៣ពាន់៩៣១បន្ទប់ ។

ការប្រឡងនៅថ្ងៃទី០៨ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner