លោក ពូទីន នឹងជជែកពីជម្លោះមជ្ឈិមបូព៌ាជាមួយប្រធានាធិបតីអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ
មូស្គូ ៖ មេដឹកនាំរុស្ស៊ី និងអ៊ីរ៉ង់ នឹងជួបពិភាក្សាគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងវេទិកាមួយនៅប្រទេសតួកម៉េនីស្ថាន។
ជំនួយការជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយសមភាគីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសកៀន នៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងប្រទេសតួកម៉េនីស្ថាន។
លោក យូរី យូសាកូវ ជំនួយការរបស់លោក ពូទីន ទទួលបន្ទុកគោលនយោបាយការបរទេសរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំរុស្ស៊ី និងអ៉ីរ៉ង់ នឹងជួបគ្នានៅរដ្ឋធានីអាសហ្គាបាត ក្នុងអំឡុងព្រឹត្តិការណ៍អបអរសាទរកវីជនជាតិតួកម៉េនីស្ថាន។
លោក យូសាកូវ បាននិយាយថា កិច្ចប្រជុំនេះ មានសារៈសំខាន់ខ្លាំងណាស់ រួមមានទាំងការពិភាក្សាអំពីបញ្ហាទ្វេភាគី និងស្ថានការណ៍តានតឹងដែលកំពុងឡើងកំដៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។
ជំនួបរវាងមេដឹកនាំទាំងពីរ កើតឡើងចំពេលដែលភាពតានតឹងរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់កំពុងឡើងកំដៅ ដោយអ៉ីរ៉ង់បាញ់ស្រោចមីស៊ីលប្រមាណ ២០០គ្រាប់លើអ៉ីស្រាអែល ដើម្បីសងសឹកអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំក្រុមហេសបូឡា។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាសងសឹកអ៉ីរ៉ង់វិញយ៉ាងចាស់ដៃ។
រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយរដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បានផ្គត់ផ្គង់យន្តហោះដ្រូន និងមីស៊ីលឲ្យទៅទីក្រុងមូស្គូ។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា