ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តបន្ទាយមានជ័យ​មានបេក្ខជនជាង៦ពាន់នាក់

បន្ទាយមានជ័យ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡងថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤​ បានចាប់ផ្តើម​ដោយរលូន​ និងមានរបៀបរៀបរយ ។ខេត្តបន្ទាយមានជ័យបេក្ខជនចូល​រួមប្រឡង ៦.២៣៥នាក់ , មាន៨ មណ្ឌលសំណេរ ស្ថិតនៅក្រុងសិរី​សោភណតែមួយ។

ពិធីបើកវិញ្ញាសាប្រឡងនៅខេត្តបន្ទាយ បានអញ្ជើញចូលរួមដោយ​ឯកឧត្ដម បណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេស​ប្រចាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ លោក ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំង​អំពើ​ពុករលួយ ខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធ។

លោកប្រធានមន្ទីរអប់រំខេត្ត​បន្ទាយមានជ័យបានឱ្យដឹងថា ការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយ​ភូមិសម័យប្រឡងថ្ងៃទី៨ ខែតុលា​មានបេក្ខជនចុះ​ឈ្មោះប្រឡងចំនួន ៦.២៣៥នាក់ (ស្រី ៣.៥៦៩នាក់) ។ ក្នុងនោះ បេក្ខជន​ចំណេះ​​ទូទៅចំនួន៥.១០៩នាក់(ស្រី៣.​០៦៦នាក់)​, បេក្ខជនស្វៃរិនចំនួន៨៤៣នាក់(ស្រី៤៣៦នាក់ )និងបេក្ខជនបំពេញ​វិជ្ជាចំនួន ២៨៣នាក់(ស្រី៦១នាក់ )។មានមណ្ឌលប្រឡងចំនួន៨ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម៥ មណ្ឌល។

សូមរំលឹកថា សម័យប្រឡងឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡង​ឬក្នុងបញ្ជីមានចំនួន ៦.១៦៨នាក់ ( ស្រី ៣.៣៧៧នាក់) ។

ក្នុងឱកាសនេះឯកឧត្ដមបណ្ឌិត កុលផេង វឌ្ឍនា ឯកឧត្ដម អ៊ុ រាត្រី បានជូនពរដល់បេក្ខជនទាំងអស់ឱ្យប្រឡងជាប់​និងទទួលបាន​និទ្ទេសល្អគ្រប់គ្នា ហើយសន្យាប្រគល់ជូនកុំព្យូទ័រយួដៃ១គ្រឿង ចំពោះបេក្ខជនដែលបានប្រឡងជាប់និទ្ទេសអេ(A)៕

ដោយ៖ឃិន គន្ធា

ads banner