ទុក្ខជាន់ទុក្ខ! ព្យុះសង្ឃរាថ្មីមួយទៀតកំពុងតម្រង់ទៅវាយលុករដ្ឋផ្លរីដា
វ៉ាស៊ីនតោន : ព្យុះសង្ឃរា Milton បានបង្កើនឥទ្ធីពលយ៉ាងឆាប់រហ័ស កាលពីថ្ងៃចន្ទម្សិលមិញ សំដៅទៅវាយប្រហារប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
ព្យុះសង្ឃរាថ្មីមួយទៀត ឈ្មោះថា Milton ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងដ៏គ្រោះថ្នាក់របស់វា ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក មុនពេលបន្តទៅវាយលុករដ្ឋផ្លរីដា នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ជាវិធានការសុវត្ថិភាព ប្រជាជនរស់នៅរដ្ឋផ្លរីដា មួយចំនួនធំត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនជាលើកទីពីរក្នុងរយៈពេលជាច្រើនសប្តាហ៍។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយថា Milton គឺជាព្យុះសង្ឃរាប្រភេទទី៤ ដ៏គ្រោះថ្នាក់បំផុត ដែលមានកម្លាំងខ្យល់បោកបក់អតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
មជ្ឈមណ្ឌល NHC ក៏បានព្រមានអំពីការកើនឡើងនៃកម្រិតទឹកកម្ពស់ ១.៥ម៉ែត្រ នៅតាមបណ្តោយឧបទ្វីប Yucatan របស់ម៉ិកស៊ិក និងរលកបំផ្លិចបំផ្លាញដ៏ធំនៅតាមឆ្នេរសមុទ្រ។
ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានគ្រោះមហន្តរាយនៅក្នុងរដ្ឋផ្លរីដា ដោយនាំមកនូវទឹកជំនន់ភ្លាមៗនៅក្នុងតំបន់។
បច្ចុប្បន្ន បុគ្គលិកសង្គ្រោះបន្ទាន់កំពុងតស៊ូក្នុងការផ្តល់ជំនួយ បន្ទាប់ពីការវាយប្រហាររបស់ព្យុះសង្ឃរា Helene ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣០នាក់នៅក្នុងរដ្ឋជាច្រើននៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា