អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការចាប់ខ្លួនលោក ម៉ិច តារា គឺជាការអនុវត្តច្បាប់
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំងជ្រុលមនិយមមួយក្តាប់តូច និងក្រុមអង្គការសង្គមស៊ីវិលមួយដំបរស្វា ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍បញ្ជាក់ថា ការចាប់ខ្លួនលោក ម៉ិច តារា គឺជាការអនុវត្តច្បាប់ ដោយសារគាត់ប្រព្រឹត្តអំពើល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៌មានមិនពិតក្នុងចេតនាទុច្ចរិតញុះញង់ ធ្វើឱ្យមានការភ័ន្តច្រឡំមកលើការដឹកនាំរាជរដ្ឋាភិបាល និងបង្កឱ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខសង្គមជាដើម។ល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា វិធានការច្បាប់នេះ គឹដោយសារតែមានអំពើល្មើស មិនមែនដោយសារតែគាត់ជាអ្នកសារព័ត៌មាន ឬក៏ដោយសារតែការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ។ ទង្វើរបស់គាត់នេះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយក៏មិនជាការអនុវត្តនៅវិជ្ជាជីវៈសារព័ត៌មានដែរ គឺជាអំពើល្មើសដែលច្បាប់ប្បញ្ញតិថាជាបទល្មើស អ្នកដែលប្រព្រឹត្តល្មើសត្រូវប្រឈមមុខតាមផ្លូវច្បាប់។ វិធានការច្បាប់នេះ គឺជាមធ្យោបាយតែមួយគត់នៅក្នុងសង្គមនិតិរដ្ឋនៅក្នុងការការពារនៅសិទ្ធិរបស់អ្នកដទៃ ក៏ដូចជាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ។
ទាក់ទងករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៣៨ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទ ឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គមFacebook, Twitter, Telegrame, whatsapp, និងSignal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។ អំពើដែលប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជាធរមាន ហើយជនត្រូវចោទរូបនេះ បានទទួលស្គាល់និងសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ប្រាកដមែន។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕
ដោយ៖ពលជ័យ