អភិបាលខេត្តតាកែវរំលឹកដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ គោរពបទបញ្ជាក្នុងពេលប្រឡង
តាកែវ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី៨ ខែតុលាបានចាប់ផ្តើមដោមានរយៈពេល២
ថ្ងៃ។ក្នុងឱកាសអញ្ជើញការស្រោមវិញ្ញាសា នៅមណ្ឌលប្រឡង វិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ
បានក្រើនរំលឹកដល់បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ដំបូងមើលវិញ្ញាសាយល់ឱ្យច្បាស់,គោរពវិន័យ និងបទបញ្ជាឱ្យបានល្អ ទាំងនៅក្នុង និងក្រៅបន្ទប់ប្រឡង ។
សូមជម្រាបថា ពិធីកាត់វិញ្ញាសាមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤សម័យប្រឡង ថ្ងៃទី៨ ខែតុលានៅទូទាំងខេត្តតាកែវមានមណ្ឌលប្រឡងចំនួន ១៧ មណ្ឌល ស្មើនឹង ៣៧៧បន្ទប់ , មានបេក្ខជនប្រឡង៩ ៣៤២នាក់ (ស្រី ៤៩៦៧នាក់) ។ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមាន៥មណ្ឌល ស្មើនឹង ១០០ បន្ទប់ មានបេក្ខជនសរុប ២ ៤៣៩នាក់ (ស្រី ១ ៤៨៤នាក់) និងថ្នាក់ វិទ្យាសាស្រ្តសង្គម ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦ ៩០៣នាក់ ស្រី ៣ ៤៨៣នាក់ ៕
ដោយ៖សាំង សារ៉ាវី