សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយ ក្នុងសកម្មភាពរៀបចំដំណើរការប្រឡងបាក់ឌុប

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយ ក្នុងសកម្មភាពរៀបចំដំណើរការប្រឡងបាក់ឌុប ដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ស.ស.យ.ក ក្នុងការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានក្លាយជាភាគីសំខាន់មួយ ដែលតែងមានវត្តមានចូលរួមក្នុងសកម្មភាព​រៀបចំ​ដំណើរការប្រឡងបាក់ឌុប ជាច្រើនឆ្នាំមកនេះ ។ ជាក់ស្ដែង ឆ្នាំនេះ មិនខុសពី​ឆ្នាំមុនៗ ស.ស.យ.ក បានចូលរួមលើសកម្មភាព ទាំងការបំប៉នសិស្សត្រៀមប្រឡង ការបង្កើតកម្មវិធីសិក្សាលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជាការចូលរួមសង្កេតការណ៍ និងការ​ចូលរួមសម្រួលក្នុងការផ្ញើយានជំនិះរបស់បេក្ខជនប្រឡងថែមទៀតផង ។

ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជន នៅថ្ងៃប្រឡងបាក់ឌុបដំបូង បានចូលរួមក្នុងការត្រួតពិនិត្យលើដំណើរការប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ក្នុងនាមជាថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម បានរម្លឹកថា ស.ស.យ.ក បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនឆ្នាំមកហើយ ក្នុងការប្រឡងបាក់ឌុប ។ ក្រុមការងារ ស.ស.យ.ក បានចូលរួមក្នុងសកម្មភាពបំប៉នសមត្ថភាពសិស្សត្រៀមប្រឡងបាក់ឌុប ក៏ដូចជា ការបង្កើតកម្មវិធីសិក្សាលើទូរស័ព្ទដៃ ដើម្បីជួយពង្រឹងសមត្ថភាពសិស្ស នៅពេលដែលមានវិបត្តិកូវីដ ១៩ផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដែរថា ក្រុមការងារ ស.ស.យ.ក ជាច្រើននាក់ នៅតាមបណ្ដារាជធានី-ខេត្ត ក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍ ក្នុងការធានាបានភាពសុក្រឹត្យ ត្រឹមត្រូវក្នុងការប្រឡង។ លើសពីនេះ ក្រុមការងារ ស.ស.យ.ក ក៏បានចូលរួមសម្រួលដល់ការផ្ញើយានជំនិះរបស់បេក្ខជន ដើម្បីឱ្យបេក្ខជនមានទំនុកចិត្ត អាចផ្តោតបានទាំងស្រុងលើការប្រឡង ដោយមិនមានក្ដីបារម្ភ លើយានជំនិះរបស់ខ្លួន ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ម៉ឺន៩ពាន់៣៥៨នាក់ (ស្រី ២ម៉ឺន៣ពាន់៧១៥នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩ម៉ឺន៧ពាន់៦៨២នាក់ (ស្រី ៥ម៉ឺន១ពាន់១៦៧នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០មណ្ឌល ត្រូវជា ៥ពាន់៥៣៣បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ពាន់៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧មណ្ឌល ត្រូវជា ៣ពាន់៩៣១បន្ទប់ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner