ថ្នាក់ដឹកនាំក្រសួងអប់រំ បើកកិច្ចប្រជុំលើផ្នែកពាក់ព័ន្ធ ត្រៀមពិធីបើក-បិទកីឡាជាតិ ២០២៤
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងអប់រំប្រជុំលើផ្នែកពាក់ព័ន្ធ ត្រៀមពិធីបើក-បិទកីឡាជាតិ ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ក្រុមការងារសម្ដែងសិល្បៈ និងក្រុមការងារចម្រៀង ដើម្បីត្រៀមលក្ខណៈឱ្យកាន់តែល្អប្រសើរ សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងក្រោមបុព្វបទ កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៅភ្នំពេញ កែប ព្រះសីហនុ ស្វាយរៀង និងខេត្តកំពង់ឆ្នាំង ដោយពិធីបើកនឹងទទួលបានការអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់ ២ឆ្នាំម្តងមួយនេះកាន់តែអធិកអធម។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក អ្នកដឹកនាំក្រុម កីឡាករ កីឡាការិនីសរុបទាំងអស់ ៥ ៣៣៩នាក់ ក្នុងនោះអ្នកដឹកនាំក្រុម ៥២០នាក់, គ្រូបង្វឹក គ្រូជំនួយ ៧៣៤នាក់, កីឡាករ ២ ៦៨៧នាក់ និងកីឡាការិនី ១ ៣៩៨នាក់។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ ផ្តោតសំខាន់ដល់ការប្រកួត និងជាការសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ