ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ដើម្បីដោះស្រាយរាល់កង្វល់ ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាង ឯកឧត្ដមកើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញដែលវេទិការនេះធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
ក្រៅពីការអរគុណ ចំពោះអាជ្ញាធរហើយ ក៏មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយផងដែរ ។
ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា៖ រាល់ សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកស្នើរអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន ។
ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ផងដែរថា ៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាព ចាំបាច់បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។
ថ្លែងក្នុងពិធីបិទវេទិការឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុង ខែតុលា វិច្ឆិកា និង ខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅមិថុនារាល់ឆ្នាំ ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ