Trump ៖ ការវាយប្រហារថ្ងៃ៧តុលា មិនអាចកើតមានទេ បើលោកជាប្រធានាធិបតី

បរទេស៖ លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារថ្ងៃទី៧ ខែតុលា នឹងមិនកើតឡើងនោះទេ ប្រសិនបើជាលោកធ្វើជាប្រធានាធិបតីអាមេរិក នៅពេលនោះ។

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៤នេះ លោក Donald Trump បានព្រមានថា ប្រជាជនអាមេរិកមិនគួរ «បំភ្លេច» ការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាសនោះទេ។ ជាការថ្លែង ខណៈដែលលោកបានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងព្រឹត្តិការណ៍ នៃយុទ្ធនាការមួយ របស់លោក នៅឯក្លឹបកីឡាវាយកូនហ្គោល Trump National Doral នៅភាគខាងត្បូង រដ្ឋផ្លរីដា។

លោក Trump បានប្រាប់ហ្វូងមនុស្សរាប់រយនាក់ នៅទីនោះ ថា «យើងមិនអាចបំភ្លេចសុបិន្តអាក្រក់ នៃថ្ងៃនោះ បានទេ» ប៉ុន្តែ លោកបានអះអាងថា «ការវាយប្រហារថ្ងៃទី ៧ខែតុលា នឹងមិនដែលកើតឡើងនោះទេ ប្រសិនបើខ្ញុំជាប្រធានាធិបតី កាលណោះ»។ លោកបានបន្តថា ភាពទន់ខ្សោយរបស់អាមេរិក និងការស្អប់ជុំវិញរឿងប្រកាន់សាសនា គឺជាហេតុផលចំបងនាំឲ្យមានព្រឹត្តិការណ៍នោះ ហើយជឿជាក់ថា ការពង្រឹងភាពរឹងមាំ ក្នុងនាមជាអ្នកដឹកនាំអាមេរិក គឺជាអ្វីដែលត្រូវធ្វើ សម្រាប់អនាគត។

គួរបញ្ជាក់ថា ថ្ងៃចន្ទម្សិលមិញ គឺជាថ្ងៃរម្លឹកខួប១ឆ្នាំគត់ នៃការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ពួកហាម៉ាស់ ដែលនាំឲ្យមានសង្គ្រាម មកដល់បច្ចុប្បន្ន។ នៅតំបន់ហ្គាហ្សា មានស្លាប់មនុស្សចំនួន ៤១,៩០៩នាក់ ហើយ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ១ឆ្នាំមកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner