អាមេរិកប្រាប់អ៊ីស្រាអែលកុំប៉ះព្រលានយន្តហោះ ដើម្បីពលរដ្ឋខ្លួនចេញពីលីបង់

បរទេស៖ ដើម្បីឲ្យពលរដ្ឋខ្លួនចាកចេញពីលីបង់ សហរដ្ឋអាមេរិកបានព្រមានអ៊ីស្រាអែល កុំឱ្យវាយប្រហារព្រលានយន្តហោះ នៅទីក្រុង Beirut ឬ ផ្លូវទៅកាន់ព្រលាន ខណៈដែលកងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុមហេសបូឡា នៅជាយក្រុងភាគខាងត្បូង នៃប្រទេសលីបង់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់ កាលពីថ្ងៃចន្ទថា «យើងគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនត្រឹមតែព្រលានយន្តហោះទេ ផ្លូវទៅកាន់អាកាសយានដ្ឋាន ក៏ត្រូវបើកចំហរដែរ ដូច្នេះ ពលរដ្ឋអាមេរិកដែលចង់ចាកចេញ អាចចេញបាន ប៉ុន្តែ ក៏មានពលរដ្ឋ នៃប្រទេសផ្សេងទៀត ផងដែរ»។

ប្រភពសន្តិសុខមួយ បានប្រាប់ AFP ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារ កាលពីថ្ងៃចន្ទ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្បែរព្រលានយន្តហោះអន្តរជាតិ។

សប្តាហ៍មុន សហរដ្ឋអាមេរិកបានចាប់ផ្តើមរៀបចំជើងហោះហើរ ប្រចាំថ្ងៃ ដើម្បីយកពលរដ្ឋរបស់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសលីបង់ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយប្រទេសលីបង់ កាន់តែកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner