យូអិនព្រមានថា វិបត្តិអាកាសធាតុអូសទាញវដ្តទឹកពិភពលោកកាន់តែខុសប្រក្រតី
ព្រុចសែល ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលា បានអះអាងថា ទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើង គឺជាសញ្ញាទុក្ខព្រួយ ស្របពេលដែលការប្រែប្រួលអាកាសធាតុធ្វើឱ្យវដ្តទឹករបស់ភពផែនដី កាន់តែខុសប្រក្រតី និង មិនអាចទាយទុកជាមុនបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ជាក់ស្តែង នៅក្នុងឆ្នាំ ២០២៣ ទឹកទន្លេនានានៅលើពិភពលោក គឺស្ងួតជាងគេបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំ ខណៈផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុតក្នុងរយៈពេលកន្លះសតវត្សមកនេះ ហើយទឹកជំនន់ក៏មានចំនួនច្រើនផងដែរ។ នេះបើតាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ។
បច្ចុប្បន្ននេះ ប្រជាជនចំនួន ៣.៦ពាន់លាននាក់មានលទ្ធភាពប្រើប្រាស់ទឹកសាបតែមិនគ្រប់គ្រាន់ ដែលយ៉ាងហោចណាស់ម្តងក្នុងមួយខែក្នុងមួយឆ្នាំ ហើយចំនួននេះត្រូវបានគេព្យាករថា នឹងកើនឡើងដល់៥ពាន់លាននាក់នៅឆ្នាំ២០៥០។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ កើតមានដោយសារលក្ខខណ្ឌអាកាសធាតុបង្កឡើងពីធម្មជាតិ ក្នុងនោះមានទាំងបាតុភូតអាកាសធាតុ La Nina និង El Nino ហើយក៏មានការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សផងដែរ។
ក្រៅពីការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលផលិតដោយមនុស្ស ដែលបង្កឱ្យមានការកើនឡើងកំដៅពិភពលោក អង្គការសហប្រជាជាតិក៏ចង់ឱ្យធនធានទឹកសាបរបស់ពិភពលោក ត្រូវបានត្រួតពិនិត្យឱ្យកាន់តែប្រសើរឡើង ដូច្នេះប្រព័ន្ធព្រមានជាមុនអាចកាត់បន្ថយការខូចខាតដល់មនុស្ស និងសត្វព្រៃដែលពឹងផ្អែកលើទឹកដើម្បីរស់រានមានជីវិត៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា