បើកប្រជុំណែនាំបច្ចេកទេស និង ការបើកវិញ្ញាសាប្រឡងបាក់ឌុបនារសៀលថ្ងៃទី០៨ ខែតុលាបានចាប់ផ្តើមដោយរលូន
(ភ្នំពេញ) ប្រធានមណ្ឌលសំណេរបានធ្វើការប្រជុំណែនាំបច្ចេកទេសដល់គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នារសៀលថ្ងៃទី១នៃការប្រឡង។
ក្រសួងអប់រំបានឱ្យដឹងថានៅថ្ងៃទី១នេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ដោយឡែកសម្រាប់ការបើកវិញ្ញាសាប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ត្រូវបានបើកដើម្បីដាក់ដំណើរការសំណេរ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថា ស្រោមវិញ្ញាសានេះពិតជាត្រូវបានរក្សាទុកដោយមានសុវត្ថិភាព។
ចំពោះដំណើរការសំណេរនារសៀលនេះ មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន ៕
ដោយ ៖ ម៉ាដេប៉ូ