អ្នកនាំពាក្យ៖ នគរបាល ឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានលោក លី សាម៉េត នៅឫស្សីកែវ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាល បានឆ្មក់ចូលត្រួតពិនិត្យ គេហដ្ឋានលោក លី សាម៉េត នៅឫស្សីកែវ នាព្រឹកថ្ងៃីទី៨ តុលា តែមិនមានវត្តមាន លោក លី សាម៉េត នៅក្នុងផ្ទះនោះទេ ។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោក លី សាម៉េត ហៅគ្រូមា បានគេចខ្លួនចេញពីផ្ទះ​ដែលមានទីតាំងស្ថិតមុខតារាង​វាយ​កូន​ហ្គោល ផ្ទះលេខ L11 តាមបណ្ដោយផ្លូវ 99B បុរីរិទ្ធ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ កាលពីព្រឹកមិញនេះ ( ៨ តុលា) សមត្ថកិច្ចដែលមានការដឹកនាំផ្ទាល់ពីស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូល ត្រួតពិនិត្យគេហដ្ឋានលោក លី សាម៉េត នៅឫស្សីកែវ គឺមិនមានវត្តមានឈ្មោះ លី សាម៉េត នៅក្នុងផ្ទះ នៅឬស្សីកែវនោះទេ ហើយសមត្ថកិច្ចបានដកថយ និងបន្តកិច្ចការងារជំនាញរបស់ខ្លួនបន្តទៀត” ។

សូមរំលឹកថា ការឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានលោក លី សាម៉េត បានធ្វើឡើងក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅល្ងាចថ្ងៃទី០៧ ខែតុលា ទាក់ទងដល់លោក លី សាម៉េត ដែលតែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់គេ ដោយសម្ដេច ប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គលនេះ និងស្នើតុលាការ ចេញដីការការពារទ្រព្យ សម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក ។

ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ដោយស្នើ៖

១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកា ការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។

២.អ្នកចាញ់បោក លី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ ។

៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។

៤.ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner