ឯកឧត្តម កែវ សុទ្ធិ ៖ សន្តិសុខសាយប័រ និងកិច្ចការពារ ទិន្នន័យបុគ្គល មានសារៈ​សំខាន់ក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងថា “សន្តិសុខសាយប័រ និងកិច្ចការពារ ទិន្នន័យបុគ្គល មានសារៈសំខាន់ក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដោយ ផ្តោតលើការពង្រឹងការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ និងការបង្ការទប់ស្កាត់ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុ សន្តិសុខសាយប័រ ព្រមទាំងការគ្រប់គ្រងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល ក្នុងន័យការពារលម្អសាយប័រនៅកម្ពុជា ការពារសិទ្ធិឯកជនភាព សម្របសម្រួលរំហូរនៃទិន្នន័យ និងជំរុញការបង្កើតឧស្សាហកម្មថ្មីនៃយុគសម័យឌីជីថល។
ការលើកឡើងរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនិងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា ន.ម.ក. ក្នុងឱកាសអញ្ជើញជាអធិបតីភាព សិក្ខាសាលាកសាងសមត្ថភាព ស្តីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) និងមានការចូលរួមគាំទ្រដោយ សមាគមឈ្មួញជើងសា ឧបករណ៍និស្សន្ទនៅកម្ពុជា, និងវិស័យឯជនពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា “កំណើនយ៉ាងឆាប់រហ័សនៃឌីជីថល​នូបនីយកម្ម ក៏បាន និងកំពុងផ្តល់ភាពងាយស្រួលផងដែរ ដល់ឧក្រិដ្ឋជនតាមប្រព័ន្ធ​អ៊ីនធឺណិត ដែលកេងយកវិធីសាស្ត្រងាយស្រួលនេះ ក្នុងការអនុវត្តសកម្មភាព​របស់ខ្លួន។ ដូច្នេះ ព័ត៌មានបុគ្គល និងការគ្រប់គ្រងសន្តិសុខសាយប័រក្នុងផ្នែក​វិស័យមូលបត្រ ក៏ កំពុងស្ថិតក្នុងហានិភ័យមួយ ហេតុដូចនេះ ក្នុងនាមជានិយ័តករ រ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការ អភិវឌ្ឍឱ្យបានត្រឹមត្រូវ​លើប្រព័ន្ធសន្តិសុខសាយប័រ និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រី និងភាគីពាក់ព័ន្ធ ព័ន្ធ ដើម្បីកាត់ បន្ថយហានិភ័យ នៃការបំពានលើប្រព័ន្ធសុវត្ថិភាព ពិសេសបន្ត​សហការអប់រំ និងផ្សព្វផ្សាយចំណេះដឹង ដែលជាគន្លឹះក្នុងការធានាសុវត្ថិភាព​លើសន្តិសុខសាយប័រ ផងដែរ។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង និយ័តករមូល​បត្រ​កម្ពុជា (ន.ម.ក.) បានសហការរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ” ក្នុងគោលបំណងបង្ក្រាបការយល់ដឹង​អំពីសារៈសំខាន់នៃការគ្រប់គ្រង ទិន្នន័យបុគ្គលក្នុងយុគសម័យឌីជីថល ដែលមាន​ដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើស​បច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងការគ្រប់គ្រងសន្តិសុខសាយប័រ​ក្នុងវិស័យ​មូលបត្រ និងវិធាន ការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់​បន្ថយហានិភ័យ ដែលកើតមានឡើងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

សិក្ខាសាលាខាងលើនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., អគ្គលេខាធិការដ្ឋាននៃអ.ស.ហ.. អង្គភាព និងនិយ័តករក្រោមឱវាទនៃ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជានិងសមាជិក, សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងសមាជិក ព្រមទាំងក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម សរុបចំនួន ១១០ រូប ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner