បេក្ខជនចំនួន ២៥នាក់ និងអនុរក្ស ២នាក់ បានមានបញ្ហាសុខភាព នៅថ្ងៃដំបូងក្នុង​អំឡុងដំណើរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤

(ភ្នំពេញ)៖ យ៉ាងហោច មានបេក្ខជនចំនួន ២២នាក់ និងអនុរក្ស ២នាក់ ដែលក្រសួង​អប់រំ​បញ្ជាក់ថា បានមានបញ្ហាសុខភាព សម្រាប់ថ្ងៃដំបូង នៃដំណើរការប្រឡងមធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៤នេះ ។ យោងតាមការផ្សាយនៅផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនទាំង ២២នាក់នោះ គឺរួមមាន​ករណី​គ្រុនឈាមចំនួន ៣ករណី ។

បេក្ខជនដែលមានបញ្ហាសុខភាពទាំងនោះ មានមកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ។ ក្រសួងអប់រំក៏បានបញ្ជាក់ផងទៀតថា ក៏នៅមានអនុរក្សចំនួន ២នាក់ផងដែរ ដែលមានបញ្ហាសុខភាព ដែលរួមមានម្នាក់នៅក្នុងខេត្តតាកែវ និងម្នាក់ទៀត នៅខេត្តកំពង់ចាម ។

ចំពោះចំណាត់ការរៀបចំ ត្រូវបានក្រសួងអប់រំបញ្ជាក់ថា គេបានអនុញ្ញាត ឲ្យបេក្ខជន មួយចំនួន អាចបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើល ថែពីក្រុម គ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបាន បញ្ជូន​ទៅមន្ទីរពេទ្យ។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខ ជនប្រឡងទាំងអស់ត្រូវថែរក្សា សុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប ដោយ​អនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ។ ការប្រ​​ឡង​​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នឹងបានកំពុងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ក្រោមគោលការណ៍ចំនួន៤ របស់ក្រសួងអប់រំ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួលយកបាន ពោលអ្នកចេះ គឺជាប់ ៕

អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner