ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តក្រចេះមានបេក្ខជន២ ៤០៥នាក់
ក្រចេះ៖ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នៅមណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្រុងក្រចេះ។ឆ្នាំនេះខេត្តក្រចេះដែលជាខេត្តភាគឦសាន មានបេក្ខជនចុះឈ្មោះប្រឡងចំនួន២ ៤០៥នាក់។
ក្នុងឱកាសកាត់បើកវិញ្ញាសា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានបង្ហាញហិបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំងបួនរបស់ក្រសួងអប់រំ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បេក្ខជនប្រឡងត្រូវថែរក្សាសុខភាពឱ្យបានល្អនៅក្នុងរយៈពេល២ថ្ងៃនេះ ។ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឱបានល្អ ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានឱ្យដឹងថា បេក្ខជនដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តក្រចេះឆ្នាំ២០២៤នេះ មានចំនួន ២ ៤០៥នាក់ (ស្រី ១ ៣៤៣នាក់) ក្នុងនោះបេក្ខជនស្វៃរិន ចំនួន ៣៥៨នាក់ (ស្រី ១៦៨នាក់) ។ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រ ចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម ចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ (ស្រី ១២៥នាក់) ។
ជាការកត់សម្គាល់បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះកើនឡើងចំនួន៦១នាក់ ខណៈកាលពីឆ្នាំ ២០២៣ មានបេក្ខជនសរុប ២ ៣៤៤នាក់។ចំពោះដំណើរការប្រឡងនៅថ្ងៃទី៨ ខែតុលាបានប្រព្រឹត្តទៅដោយរលូន៕
ដោយ៖ឡុង សំបូរ