ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះខេត្តពោធិ៍សាត់មានបេក្ខជនសរុបចំនួន៣ ៧៨១នាក់

ពោធិ៍សាត់៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ​ប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤​នៅខេត្តពោធិ៍សាត់ប្រព្រឹត្ត​ដោយ​រលូនបន្ទាប់ពីឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកវិញ្ញាសាប្រឡងដោយផ្ទាល់នៅវិទ្យាល័យពោធិ៍សាត់។

លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឆ្នាំសិក្សា​២០២៣-២០២៤នេះខេត្តពោធិ៍សាត់មានបេក្ខជនសរុបចំនួន៣ ៧៨១អង្គ/នាក់ (ស្រី២១៣៤នាក់)។ ក្នុងនោះបេក្ខជន​ចំណេះទូទៅ​ចំនួន៣ ០៤៣នាក់ , បេក្ខជនស្វៃរិន ៦៦៣នាក់ បេក្ខជនបំពេញវិជ្ជា​៣០អង្គ/នាក់ និងបេក្ខជនស្វៃ​រិនបំពេញ​វិជ្ជា​៤៥អង្គ/នាក់។ ខេត្តមាន៦​មណ្ឌល ស្មើនឹង១៥២បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនមណ្ឌល​នៅដដែល តែកើនមួយបន្ទប់និង បេក្ខជនកើនឡើង២១អង្គ/នាក់។

ក្នុងឱកាសនេះឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ខូយ រីដា បានផ្តាំ​ផ្ញើដល់បេក្ខជនទាំងអស់​កុំតក់ស្លុត ត្រូវបញ្ចេញ​អស់ពីសមត្ថភាព​ដែលបានខិតខំរៀនសូត្រកន្លងមក។លោកក៏បានជូនពរដល់បេក្ខជន​ទាំងអស់ប្រឡងជាប់ទាំងអស់គ្នា ពិសេសទទួលបាននិទ្ទេស​ល្អទៀតផង៕
ដោយ៖ចេង ពុំ

ads banner