មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា
បរទេស៖ ប្រទេសមីយ៉ាន់ម៉ានឹងបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា កាលពីបីឆ្នាំមុន នេះបើតាមប្រភពពីមន្ត្រីការទូតមួយរូប បានប្រាប់កាសែត AFP នៅថ្ងៃអង្គារនេះ។
មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន គ្រោងនឹងជួបប្រជុំជាមួយគ្នា នៅប្រទេសឡាវ នាថ្ងៃពុធ សប្តាហ៍នេះ ខណៈ វិបត្តិនៅមីយ៉ាន់ម៉ា គឺជារបៀបវារៈកម្រិតខ្ពស់។
បញ្ហាជម្លោះប្រដាប់អាវុធ នៅមីយ៉ាន់ម៉ា នាំឲ្យអាស៊ានបានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូល ពោលគឺបន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ អាស៊ានឲ្យតំណាងមីយ៉ាន់ម៉ា ដែលមិនមែនជាតំណាងនយោបាយចូលរួមដែរ ប៉ុន្តែ ឧត្តមសេនីយ៍ ដែលបានដឹកនាំរដ្ឋប្រហារ បានបដិសេធ មិនបញ្ជូនឲ្យចូលរួមទេ នាពេលកន្លងមក។
យ៉ាងណាមិញ មីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ានមួយដែរ បានសម្រេចបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ជាអ្នកតំណាងរបស់ខ្លួន ទៅកិច្ចប្រជុំ រយៈពេលបីថ្ងៃ នៅទីក្រុងវៀងចន្ទន៍ ក្នុងសប្តាហ៍នេះ នេះបើតាមអ្នកការទូតនៅអាស៊ីអាគ្នេយ៍ម្នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំ បានប្រាប់ AFP។ អ្នកកាសែត AFP បានមើលឃើញថា លោក Aung Kyaw Moe លេខាធិការអចិន្ត្រៃយ៍ នៅក្រសួងការបរទេសមីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃអង្គារ មុនកិច្ចប្រជុំកំពូល នៅថ្ងៃពុធ។
ស្ថានការណ៍ប្រែប្រួលនេះបានកើតឡើង នៅរយៈពេលពីរសប្តាហ៍ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានចេញការអញ្ជើញ ដែលមិនធ្លាប់មានពីមុនមក ដល់សត្រូវរបស់ខ្លួន សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងបញ្ចប់ជម្លោះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះ។
របបយោធាកំពុងបារម្ភពីបរាជ័យ ក្នុងសមរភូមិ ក្នុងពេលដែលក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ឬក្រុម «កងកម្លាំងការពារប្រជាជន» បានក្រោកឡើងដើម្បីប្រឆាំងនឹងរដ្ឋប្រហារ នៅក្នុងប្រទេស ក្នុងរយៈពេលចុងក្រោយមកនេះ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត