ហាណូយវ៉ាដាច់បាងកក,សិង្ហបុរី ក្លាយជាទីក្រុងធ្វើម្ហូបដ៏ល្អបំផុតប្រចាំអាស៊ី
បរទេស៖ ទីក្រុងហាណូយនៅប្រទេសវៀតណាមបានវ៉ាដាច់ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងនៅប្រទេសសឹង្ហបុរី, ហុងកុង, សេអ៊ូល និងតូក្យូ ក្លាយជាគោលដៅធ្វើម្ហូបដ៏ល្អបំផុតរបស់អាស៊ី ប្រចាំឆ្នាំ២០២៤ នៅក្នុងកម្មវិធីពានរង្វាន់សកល World Culinary Awards។
ថ្មីៗនេះ ទីក្រុងហាណូយបានលេចចេញជារូបរាង នូវភោជនីយដ្ឋានចំនួន៣ នៅលើផែនទីទេសចរណ៍ពិភពលោក រួមមាន Hibana by Koki, Tam Vi និង Gia ដែលសុទ្ធតែទទួលបានផ្កាយ Michelin ដំបូង នៅក្នុងពានរង្វាន់ Michelin Guide ឆ្នាំ២០២៣ ហើយរក្សាបានដោយជោគជ័យ នូវតំណែងកំពូលនេះ នៅឆ្នាំ២០២៤។ បូករួមទាំង៣នេះទៀត ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin នៅក្នុងទីក្រុងហាណូយ មានសរុបចំនួន៧។
មុខម្ហូបល្បីៗរបស់ទីក្រុងហាណូយ មានដូចជា pho ឬ ហ្វឺ , bun cha ឬ បាយដំណើបជាមួយសាច់ជ្រូកដុត និងរុក្ខជាតិក្លិនក្រអូប។ ក្រៅពីនេះ មានមុខម្ហូប cha ca ឬ ត្រីដុតនំបញ្ចុកស្រស់ ព្រមទាំង ម្ហូប pho cuon ឬ គួង ដែលទទួលបានភាពល្បីល្បាញ ជាអន្តរជាតិ។
គួរបញ្ជាក់ថា ពានរង្វាន់ World Culinary Awards គឺជាព្រឹត្តិការណ៍ពានរង្វាន់ទេសចរណ៍ពិភពលោក ដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៣ បង្កើតឡើងដើម្បីទទួលស្គាល់ភាពល្អឥតខ្ចោះ នៅក្នុងឧស្សាហកម្មនេះ។ លទ្ធផល គឺផ្អែកលើការបោះឆ្នោត ពីអ្នកជំនាញក្នុងឧស្សាហកម្មទេសសចរណ៍ និង អ្នកធ្វើដំណើរទេសចរណ៍ដ៏ទូលំទូលាយ។
កាលពីដើមឆ្នាំ២០២៤ ទីក្រុងនៅវៀតណាម មួយនេះ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅធ្វើម្ហូបកំពូលទាំង១៥ នៅលើពិភពលោក របស់វេទិកាណែនាំការធ្វើដំណើរដ៏ធំបំផុត របស់ពិភពលោក មានឈ្មោះថា Tripadvisor ផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត