លីបង់ប្រឈមនឹងការវិនាសដូចហ្គាហ្សា
បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាន កាលពីថ្ងៃពុធថា ប្រទេសលីបង់អាចប្រឈមមុខនឹង «វង់នៃសេចក្តីវិនាស» ដូចគ្នានឹងតំបន់ Gaza ដែលកំពុងមានសង្គ្រាម រវាងអ៊ីស្រាអែលនិងហាម៉ាស់។
លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ ពីការរីករាលដាល ទៅជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញស្រដៀងគ្នាដូចដែលបានឃើញ នៅក្នុងតំបន់ហ្គាហ្សា។
លោក Matthew បានលើកឡើងថា «យើងអាចចូលទៅក្នុងប្រភេទនៃសេចក្តីវិនាសដូចគ្នា» ដោយលោកបន្ថែមថា «យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់វា កុំឲ្យកើតឡើង ដូចហ្គាហ្សាទៀត»។
គួរបញ្ជាក់ថា មនុស្សជាង៤ម៉ឺននាក់បានស្លាប់ ក្នុងសង្គ្រាមប្រមាណ១ឆ្នាំ នៅហ្គាហ្សា។ រីឯ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ១,១០០ នាក់ និងបានជម្លៀសមនុស្សលើសពីមួយលាននាក់ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត