អ៊ីស្រាអែល វាយប្រហារប្រទេសស៊ីរី ស្លាប់ជនស៊ីវិល ៧នាក់
បរទេស៖ រដ្ឋាភិបាលស៊ីរីបាននិយាយថា ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ។
អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើអគារ ដែលប្រើប្រាស់ដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហេសបូឡា នៅប្រទេសលីបង់។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបាននិយាយថា «អ៊ីស្រាអែលបានកំណត់គោលដៅលើអគារ ដែលជាញឹកញាប់ គ្រប់គ្រងដោយឆ្មាំបដិវត្តន៍ជាន់ខ្ពស់ និងប្រតិបត្តិករហេសបូឡា ក៏ដូចជា រថយន្ត ដែលចតនៅមុខអគារ»។
ប៉ុន្តែ ក្រសួងការពារជាតិស៊ីរីបាននិយាយថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ Mazzeh នៃរដ្ឋធានី ដាម៉ាស ដែលជាប្លុករបស់ស្ថានទូត និងទីស្នាក់ការសន្តិសុខ។
ក្រសួងការបរទេសស៊ីរីបានថ្កោលទោស «នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះប្រឆាំងនឹងជនស៊ីវិល។ ខ្លួនបានអំពាវនាវឱ្យមាន «វិធានការជាបន្ទាន់» ដើម្បីបញ្ឈប់អ៊ីស្រាអែល ពីការអូសទាញតំបន់នេះ ធ្លាក់ចូលទៅក្នុងការប្រឈមមុខគ្នា ដែលនឹងផ្តល់ផលវិបាកដ៏មហន្តរាយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត