រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមក កម្ពុជា
(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោក Laurent Kuenzle នាយក ប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ដើម្បីទទួលអនុសាសន៍លើការធ្វើធុរកិច្ចនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ASIAN TRAILS ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជាឱ្យមានសន្ទុះឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ASIAN TRAILS ដែលជាដៃគូវិនិយោគជាមួយក្រុមហ៊ុន Royal Group លើគម្រោងសណ្ឋាគារ Royal Sands ដែលមានទឹកប្រាក់វិនិយោគ ៤០លានដុល្លារអាម៉េរិក ហើយក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនដូចជា TTG Travel Awards, World Travel Awards, Luxury Travel Guide, Travel Weekly Awards និង Thailand Tourism Awards 2023។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យគន្លឹះអាទិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការសម្រេចបាននូវចក្ខុវិស័យខាងផ្នែកទេសចរណ៍ ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់លើការធ្វើទំនើបកម្មស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍បច្ចុប្បន្ន និងអនាគត ហើយជាពិសេសជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសជាមិត្តផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ