ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល
(សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Government Leaders)” ដែលរៀបចំឡើងនៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ.ប្រមាណ ៤០រូប ។

វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យដែលអញ្ជើញមកពីស្ថាប័នបណ្តុះបណ្តាលល្បីកម្រិតអន្តរជាតិ ចំនួន ២រូប វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំនៃប្រទេសជាមិត្តក្នុងតំបន់ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដមកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធ នៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល (Digital Government Transformation) ជាអាទិ៍ បច្ចេកវិទ្យាដែលប្រើក្លោដជាគោល (Cloud-based Technology) ការយល់ដឹងអំពីសន្តិសុខ (Security) និងអធិបតេយ្យភាពនៃទិន្នន័យ (Data Sovereignty) ពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន (Blockchain) និងវិធីសាស្ត្រផ្សេងទៀតដែលប្រើទិន្នន័យ (Other data-driven methods)។ ថ្នាក់ដឹកនាំនៃ គ.រ.ឌ. ក៏អាចស្វែងយល់បន្ថែមផងដែរអំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









