អគ្គនាយកដ្ឋានជំនាញប្រាប់ពីអនុវត្តច្បាប់”ស្តីពីការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់”
បាត់ដំបង៖ការអនុវត្តច្បាប់ស្ដីពី៖ ការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានលើកមកធ្វើជាប្រធានបទក្នុងសិក្ខាសាលាមួយនៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
សិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.)នៃក្រសួងពាណិជ្ជកម្មដោយមានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង តំណាងស្ថាប័នអយ្យការអមសាលាដំបូង តំណាងអង្គភាពកងកម្លាំងតំណាង ស្ថាប័ន អង្គភាព មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សភាពាណិជ្ជកម្មកម្ពុជា អាជ្ញាធរក្រុង ស្រុក និង ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននាក់។
ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»បានប្រាប់ថា អង្គសិក្ខាសាលានេះគឺផ្តោតសំខាន់ ស្ដីពីការពិភាក្សាផ្លាស់ប្ដូរទស្សនទាន លើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្ត។
ចំណែកលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមទាំងអស់មានអ្នកអនុវត្តច្បាប់និងធុរជន ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរ ការចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម ។ពិភាក្សាដើម្បីបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព និងធានាបានសុខសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ឯកឧត្ដម ផាន អូន បានលើកឡើងថាការរកស៊ីប្រកបដោយសុច្ចរិតភាពមិនមែនជាការរាំងស្ទះដល់ដំណើរការអាជីវកម្មនោះទេ ប៉ុន្តែវាជាការស្វែងយល់ពីគ្នារវាងអ្នកប្រកបអាជីវកម្ម ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីអនុវត្តច្បាប់ និងព្រះរាជអាជ្ញា។ឯកឧត្ដមក៏បានអំពាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជីវករទាំងអស់សូមយកវេទិកាថ្ងៃនេះដើម្បីប្រើយន្តការអាជ្ញាធរទាំងអស់ឱ្យដើរតួនាទីទៅជាអ្នកអប់រំជូនដល់អាជីវករកុំឱ្យអាជីវករមានការខ្លាចរអា ជាមួយនិងអាជ្ញាធរផ្ទាល់របស់ខ្លួន ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.