វៀតណាមចូលជាង៤ពាន់លានដុល្លាពីការនាំចេញអង្ករ៩ខែ
ហាណូយ ៖ ការនាំចេញអង្ករវៀតណាម ក្នុងរយៈពេល៩ខែ មកនេះ
មានជាង៧លានតោន ដែលមានតម្លៃ ៤.៣៧ពាន់លានដុល្លារអាមេរិក នេះបើតាម VNexpress ចេញផ្សាយថ្មីៗនេះ។
ប្រភពថា បើប្រៀបធៀបនឹងរយៈពេល៩ខែដំបូងដូចគ្នា នៃឆ្នាំ២០២៣ តម្លៃនាំចេញបានកើនឡើង ២៣.៥%។ តម្លៃអង្ករនាំចេញ ជាមធ្យម មានតម្លៃ ៦២៤ ដុល្លារក្នុងមួយតោន កើនឡើង ១៣,១% នេះបើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ផ្អែកតាមប្រភពដដែល បើធៀបនឹងបរិមាណវិញ ចំនួនអង្ករនាំចេញកើនឡើង ៩.២ភាគរយ។
ថ្មីៗនេះ វៀតណាមបានឈ្នះការដេញថ្លៃ ដើម្បីផ្គត់ផ្គង់អង្ករជិត ៦ម៉ឺនតោនទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងការដេញថ្លៃ ក្នុងខែកញ្ញា ជាមួយនឹងតម្លៃ ៥៤៨ដុល្លារ ក្នុងមួយតោន ប៉ុន្តែ ធ្លាក់ចុះ៣២ដុល្លារ ធៀបនឹងតម្លៃមុន។ ទោះបីជាមានការបញ្ចុះតម្លៃ ក្នុងការដេញថ្លៃក៏ដោយ តម្រូវការពីទីផ្សារសំខាន់ៗដូចជាហ្វីលីពីន និងម៉ាឡេស៊ី នៅតែមានកម្រិតខ្ពស់។ ក្រុមធុរកិច្ចបាននិយាយថា អង្ករវៀតណាមបានរក្សាជំហរប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។
ក្រុមហ៊ុននាំចេញ Co May បានឱ្យដឹងថា តម្លៃអង្ករ ST25 ទំនងជាមិនធ្លាក់ចុះទេ ហើយថែមទាំងអាចកើនឡើង ដោយសារតែកង្វះការផ្គត់ផ្គង់សកល នេះបើតាមកាសែតវៀតណាម VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត