អគ្គស្នងការដ្ឋាននគរបាលជាតិ និង សម្ព័ន្ធដាអនដាអូលរបស់កូរ៉េចុះ​អនុស្សរណៈ​នៃការ​យោគយល់ ដើម្បីអនុវត្តគម្រោងសាកល្បងធ្វើឲ្យប្រសើរឡើងនូ​វប្រពន័្ធ​គ្រប់​គ្រង​ទិន្នន័យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ សម្ព័ន្ធ DAON DAOL (ដាអនដាអូល) នៃសាធារណៈរដ្ឋកូរ៉េ គ្រោងនឹងដាក់ដំណើរការ​គម្រោង​សាកល្បងមួយក្នុងគោលបំណងធ្វើការកែលម្អសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការបង្កើតមូលដ្ឋានទិន្នន័យគ្រប់គ្រងច្បាស់លាស់ ពង្រឹងការគ្រប់គ្រង ប្រតិបត្តិការ បទល្មើសចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍ បង្ការគ្រោះថ្នាក់ និងកាត់បន្ថយការបំពុលបរិយាកាសនៅកម្ពុជា។

គួរបញ្ជាក់ថាពិធីចុះអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងកាលពីថ្មីៗមកនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវ​គោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LEE SEOUNG HO តំណាងសម្ព័ន្ធ DAON DAOL (ដាអនដាអូល) និងជាទីប្រឹក្សា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោកកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ឹម យ៉ាន បានឱ្យដឹងថា ការចុះអនុស្សរណៈ​នៃការយោគ​យល់នេះ គឺជាជំហ៊ានដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើឡើងវិញនូវ​ប្រព័ន្ធគ្រប់​គ្រងទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្ពុជា ដែលមានការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ​គោកទូទាំង​ប្រទេស ។ កម្ពុជាចាប់តាំងពីមានកំណើនសេដ្ឋកិច្ច ក្រោមការ​ដឹកនាំរបស់​រាជរដ្ឋា​ភិបាលចាស់រហូតដល់រាជរដ្ឋាភិបាលថ្មីមក កំណើនយាន្តយន្តចេះតែមានការ​កើនឡើងច្រើនជាបន្តបន្ទាប់។

ឯកឧត្តមបានបន្តឱ្យដឹងដែរថា “គម្រោងនេះនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៤ ហើយនឹងជាជំហានដ៏គួរឲ្យកត់សំគាល់ និងសំខាន់មួយក្នុងដំណើររបស់​ប្រទេស​កម្ពុជាឆ្ពោះទៅកាន់ការគ្រប់គ្រងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយនិរន្តភាព សុវត្ថិភាព និងប្រសិទ្ធភាព” ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ឹម យ៉ាន បានមានប្រសាសន៍ដែរថា បច្ចុប្បន្នយើងមានប្រព័ន្ធទិន្នន័យ៤ ដែលកំពុងដំណើរការ រួមមានដូចជា៖ ប្រព័ន្ធទិន្នន័យយាន្តយន្ត ប្រព័ន្ធទិន្នន័យប័ណ្ណបើកបរ ប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ និងប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុ ។

ដោយឡែក ឯកឧត្តម LEE SEOUNG HO បានបញ្ជាក់ដែរថាការចុះអនុស្សរណៈ​នៃការយោគយល់នៃភាគីទាំងពីរគឺជាប្រយោជន៍ដើម្បីឲ្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាន់តែល្អប្រសើរឡើង។ ក្រៅពីនេះវាក៏នឹងបានចូលរួមរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ។

គួរបញ្ជាក់ផងដែរ សម្ព័ន្ធដាអនដាអូល ដែលរួមមាន ក្រុមហ៊ុន DAON DAOL Cambodia ក្រុមហ៊ុន NZERO ក្រុមហ៊ុន OSCO ក្រុមហ៊ុន INFRA TECH និងសាកលវិទ្យាល័យដឹកជញ្ជូនជាតិកូរ៉េ (KNUT) បានសហការរួមគ្នាជាមួយអគ្គស្នង​ការដ្ឋាននគរបាលជាតិ ផ្តោតសំខាន់លើការបង្កើតប្រព័ន្ធគ្រប់គ្រងប្រព័ន្ធអនុវត្ត​ច្បាប់ចរាចរណ៍នៅកម្ពុជា ដើម្បីគ្រប់គ្រងប្រតិបត្តិការពិន័យ បទល្មើសចរាចរណ៍ គ្រោះថ្នាក់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ បង្ការគ្រោះថ្នាក់ កាត់បន្ថយការ​បំពុលបរិយាកាស និងបង្កើតមូលដ្ឋានទិន្នដ្ឋានគ្រប់គ្រងច្បាស់លាស់ និងមានប្រសិទ្ធភាពនៅកម្ពុជា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner